ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វ័យ ៤៥ឆ្នាំ Ruby Lin នៅតែតស៊ូរៀនដល់ចប់អនុបណ្ឌិតនិងជាប់ជាសិស្សឆ្នើមទៀត

១០ មិថុនា ២០២១ | កម្សាន្ដ

បើទោះបីមានវ័យ ៤៥ឆ្នាំហើយ តែតារាសម្ដែងតៃវ៉ាន់ដ៏ល្បីដែលទស្សនិកជនភាគច្រើនបានស្គាល់តាមរយៈតួអង្គ “ចៀវៃ” ក្នុងរឿង “ព្រះនាងយេយេ” នៅតែបោះបង់ការសិក្សានោះឡើយ ដោយថ្មីៗនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។

 


តារាសម្តែងតៃវ៉ាន់ Ruby Lin ថ្មីៗនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីសិក្សាអន្តរជាតិពីសាកលវិទ្យាល័យ Shih Hsin (ស្ហី ស៊ីន) ក្នុងវ័យ ៤៥ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយនាងរៀននៅទីក្រុងសៀងហៃ ប៉ុន្តែក្រោយមកក៏បានផ្ទេរទៅសាខា ក្រុងតៃប៉ិវិញបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។

 


តារាសម្ដែងកូនមួយរូបនេះ បានប្រាប់សារព័ត៌មានថានាងសប្បាយចិត្តណាស់ដែលបានត្រលប់ទៅសាលារៀន និងអាចបញ្ចប់ការសិក្សាយ៉ាងជោគជ័យម្ដងទៀត តែក៏គួរឱ្យស្តាយដែលពិធីប្រគល់សញ្ញាប័ត្រត្រូវបានធ្វើឡើងជាលក្ខណៈអនឡាញដោយសារបញ្ហាកូវីដ១៩។

 


មិនត្រឹមតែទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែ Ruby Lin ក៏ទទួលបានពានរង្វាន់ឆ្នើមតាមរយៈការបោះឆ្នោតដោយក្រុមសាស្រ្តាចារ្យផងដែរ។ សាស្រ្តាចារ្យរបស់នាងម្នាក់ បាននិយាយថាជារឿយៗ Ruby Lin គឺជាអ្នកមកដល់ថ្នាក់រៀនមុនគេ ហើយនាងក៏មិនដែលអវត្តមាន ឬក៏មកយឺតដែរ បើទោះបីជារវល់នឹងការងារច្រើនក៏ដោយ។

 


ចាប់ផ្ដើមប្រឡូកសិល្បៈតាំងពីឆ្នាំ១៩៩៥ Ruby Lin ត្រូវបានគេឲ្យរហ័ស្សនាមថាជា “រាជិនីរឿងភាគតៃវ៉ាន់” និងបានចូលរួមសម្ដែងរឿងភាគនិងភាពយន្តខ្ទង់ ៩០រឿង ហើយឥឡូវនេះក៏បានវិវត្តខ្លួនមកជាផលិតករផងដែរ។

 

 

ចំពោះជីវិតគ្រួសារ តួឯកស្រីរឿង “ព្រះនាងយេយេ” រូបនេះបានរៀបការជាមួយតារាសម្ដែង Wallace Huo (វ៉លឡេស ហួ) កាលពីឆ្នាំ២០១៦  ហើយបច្ចុប្បន្នពួកគេមានកូនស្រីម្នាក់ជាមួយគ្នា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024