ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

ការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ នឹងធ្វើឡើងនៅខែកក្កដាខាងមុខនេះ

០៥ ឧសភា ២០២១ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ។ សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីទាំង៣ នៃក្រុងបូកគោ គឺជាអង្គបោះឆ្នោតជ្រើសរើសប្រឹក្សាក្រុងថ្មីនេះ។

 


ក្រុងបូកគោ ក្រុងថ្មីទី២នៃខេត្តកំពត និងទី២៧នៅកម្ពុជា នឹងត្រូវរៀបចំការបោះឆ្នោតបង្កើតក្រុមប្រឹក្សាក្រុងជាលើកដំបូងនៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសឱ្យដឹងពីកាលបរិច្ឆេទនេះ និងបានបញ្ជាក់អំពីសមាសភាពនៃអង្គបោះឆ្នោត ដែលនឹងក្លាយជាស្ថាបនិកបង្កើតក្រុមប្រឹក្សាក្រុងបូកគោ។

 


យោងតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ក្រុមប្រឹក្សាក្រុងបូគោមានសមាជិក ១៣រូប។  សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន១៧រូប ក្នុងនោះសង្កាត់បឹងទូក៥រូប សង្កាត់កោះតូច៥រូប និងសង្កាត់ព្រែកត្នោត៧រូប នឹងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងទាំង១៣រូបនោះ។

 


ការបោះឆ្នោតក្រុមប្រឹក្សា ធ្វើឡើងជាអសកល ដូច្នេះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាអ្នកមានសិទ្ធិបោះឆ្នោតក្នុងនាមតំណាងឱ្យពលរដ្ឋរបស់ខ្លួន។ មែនទែនទៅ ការបោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវកំណត់រៀនចំឡើងទូទាំងប្រទេសតាមកាលបរិច្ឆេទមួយជាទៀងទាត់។ ដោយសារក្រុងបូគោទើបបង្កើតថ្មី ទើបតម្រូវឱ្យមានការបោះឆ្នោតដោយឡែក ប៉ុន្តែបែបបទនិងនីតិវិធីមិនមានអ្វីខុសគ្នាឡើយ។

 

 

ក្រុងបូកគោ គឺជាទីក្រុងថ្មីលំដាប់ទី២៧នៅកម្ពុជា។  កម្ពុជាមានរាជធានី១ និងខេត្ត២៥។ ខេត្តនីមួយៗមានក្រុងរៀងៗខ្លួនយ៉ាងហោចណាស់១។ កន្លងមកខេត្តដែលមានក្រុង២ រួមមានខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ ដូច្នេះវត្តមានក្រុងបូកគោបានធ្វើឱ្យខេត្តកំពតក្លាយជាខេត្តទី៣ដែលមានក្រុងចំនួន២ គឺក្រុតកំពត និងក្រុងបូគោ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024