ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មានគណបក្ស ៤ បានចុះឈ្មោះប្រជែង យកអាសនៈក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត

១២ ឧសភា ២០២១ | ព័ត៌មានជាតិ

យ៉ាងហោចណាស់មានគណបក្សនយោបាយ ចំនួន៤ បានដាក់ពាក្យចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ ដែលជាទីក្រុងថ្មី លើទឹកដីខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ ការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ នឹងធ្វើឡើងនៅខែកក្កដា ខាងមុខនេះហើយ។

 


បើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ គណបក្សនយោបាយទាំង៤ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូគោនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវវជនកម្ពុជា និងគណបក្សហ្វ៊ិនស៊ិនប៉ិច។

 


ក្រុងបូកគោគឺជាទីក្រុងថ្មីទី២៧នៅកម្ពុជា។ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងបូកគោកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ក្រុងថ្មីទី២របស់ខេត្តកំពតមួយនេះ ផ្សុំចេញពីការកាត់បញ្ចលគ្នារវាងឃុំ៣នៃស្រុកទឹកឈូ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រោយការកាត់បញ្ចូលជាតំបន់រដ្ឋបាលចំណុះក្រុងបូកគោ ឃុំទាំង៣បានក្លាយជាសង្កាត់តាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។

 


បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុងបូគោមានអាសនៈសមាជិកក្រុមប្រឹក្សាក្រុងចំនួន១៣អាសនៈ។ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៣ សរុប ៧រូប នឹងអញ្ជើញទៅបោះឆ្នោតជាអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ។ ការបោះឆ្នោតនេះ គឺជាការធ្វើឡើងដាច់ដោយឡែក អាស្រ័យដោយក្រុងបូកគោ ទើបបង្កើតឡើងថ្មី ប៉ុន្តែបែបបទ និងនីតិវិធីនៃការបោះឆ្នោត គឺមិនខុសពីការបោះឆ្នោតជារួម ដែល គ.ជ.ប បានធ្វើកន្លងមកនោះឡើយ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024