ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កែវ ពេជ្រពិសី ត្រៀមរៀបការនឹងបុរសពោះម៉ាយរស់នៅ កាណាដា វ័យ ៥០ ឆ្នាំ

១២ មេសា ២០២១ | កម្សាន្ដ

 

 

ភ្ជាប់ពាក្យជិតមួយឆ្នាំហើយតារាសម្តែង កែវ ពេជ្រពិសី ទើបតែបង្ហាញមុខគូដណ្តឹងឱ្យអ្នកគាំទ្រ បានស្គាល់ ដែលជាបុរសពេាះម៉ាយវ័យ ៥០ឆ្នាំរស់នៅ កាណាដា។ នេះជាលើកដំបូងហើយសម្រាប់តារាសម្តែងជើងចាស់ កែវ ពេជ្រពិសី ប្រកាសបង្ហាញមុខមាត់ ពិតរបស់គូដណ្តឹងខ្លួនដែលបានភ្ជាប់ពាក្យនិងគ្នាអស់ពេលជិតមួយឆ្នាំ ហើយនាងត្រៀមនឹងរៀបការ នៅបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ។

 


តារាសម្តែង កែវ ពេជ្រពិសី បានភ្ជាប់ពាក្យតាំងពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ជាមួយបុរសខ្មែរ រស់នៅប្រទេស កាណាដា ដែលមានឈ្មោះថា ពៅ សម្បត្តិ មានវ័យ ៥០ ឆ្នាំ ប៉ុន្តែនាងបានព្យាយាមលាក់បាំង ដោយសារមិនទាន់ទទួលបានសិទ្ធិក្នុងការចេញទៅរស់នៅទីនោះដោយស្រប ច្បាប់ ។

 


ជួបជាមួយ កែវ ពេជ្រពិសី កាលពីពេលថ្មីៗនេះនាងបានសារភាពថា នាងពិតជាបានភ្ជាប់ពាក្យតាំងពីឆ្នាំមុនមែន ហើយនាងក៏មានបំណងនឹងរៀបការនៅក្នុងឆ្នាំ ២០២១ នេះផងដែរទៅតាមប្រពៃណី ខ្មែរ តែដោយសារបញ្ហាជំងឺ កូវីដ ១៩ ចេះតែរាល់ដាលខ្លាំង ទើបធ្វើឱ្យគូដណ្តឹងនាងមិនអាចចុះមកស្រុក ខ្មែរ បាន ទើបពន្យាពេលវេលាទៅចុងឆ្នាំវិញ ប្រសិនបើស្ថានភាពមានការធូស្រាល ។

 


កែវ ពេជ្រពិសី និងលោក ពៅ សម្បត្តិ បានស្គាល់គ្នាជិត ២០ ឆ្នាំហើយ ប៉ុន្តែអ្នកទាំងពីរមិនបានបង្ហើបក្តីស្រឡាញ់ចំពោះគ្នានោះទេ ទើបតែ ៤ ចុងក្រោយនេះអ្នកទាំងពីសម្រេចចិត្តស្រឡាញ់ និងមើលចិត្ត ថ្លើមគ្នារហូតឈានដល់ថ្ងៃភ្ជាប់ពាក្យ ។ កែវ ពេជ្រពិសី បានប្រាប់ថា នាងសម្រេចចិត្តជ្រើសរើសលោក សម្បត្តិ ធ្វើជាគូជីវិត ក្រោយពីឃើញអំពើល្អរបស់លោក ព្រមទាំងភាពស្មោះត្រង់ ដែលអាចឱ្យនាងផ្ញើ វាសនាបាន ជាពិសេសគេចេះយល់ចិត្ត និងស្រឡាញ់ក្រុមគ្រួសារនាងខ្លាំងបំផុត ។

 


ប្រសិនបើរៀបការរួច កែវ ពេជ្រពិសី មានបំណងនឹងចេញទៅរស់នៅប្រទេស កាណាដា តាមអនាគត ស្វាមីរបស់ខ្លួន ដោយមិនអាចរស់នៅបែកគ្នាបានទេ ពីព្រោះពេលនេះនាងក៏មានវ័យច្រើនដែលត្រៀមខ្លួន នឹងមានកូនចៅផងដែរ នាងរំពឹងថា ជីវិតគូថ្មីនេះពោរពេញដោយសុភមង្គល ។

 


គួរំលឹកផងដែរ កែវ ពេជ្រពិសី ធ្លាប់បរាជ័យជីវិតគូម្តងរួចមកហើយ ដូច្នេះហើយទើបនាងមានការប្រុង ប្រយ័ត្នខ្លាំងចំពោះជីវិតគូជាលើកទី ២ នេះ ។ មកទល់ពេលនេះ កែវ ពេជ្រពិសី នៅតែស្រឡាញ់ និងចង់បន្តអាជីពសម្តែងឡើងវិញ ក្រោយពីអាក់ខានអស់ពេលជាច្រើនឆ្នាំ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024