ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នាយក​រដ្ឋមន្ត្រី​ថៃ​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​​​ជន​ភៀស​ខ្លួន​ដែល​រត់​គេច​ពី​អំពើ​ហិង្សា​នៅ​ប្រទេស​ភូមា​

 

នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ​ចាន់​អូចា​ ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ចំពោះ​សុខ​ទុក្ខ​របស់​ជនភៀសខ្លួន​ដែល​រត់​គេច​ចេញ​ពី​អំពើហិង្សា​នៅ​ប្រទេស​ភូមា ហើយ​ឆ្លង​ចូល​​ទៅ​​ក្នុង​ទឹក​ដី​ថៃ​។ លោកថា​​ប្រទេស​ថៃ​បាន​ជួយ​ពួក​គេ​ច្រើន​ណាស់​នៅ​ក្នុង​រឿង​នេះ​។ លោក​ថ្លែង​បែប​នេះ​បន្ទាប់ពី​បាន​បិទ​បញ្ចប់​កិច្ច​​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​​។​​

 

 

 

 

 

 

លោក​ប្រាយុទ្ធចាន់អូចា​ថ្លែង​ថា​មិ​ន​មាន​ហេតុផល​ណា​មួយ​ដែល​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ទេ​ នៅ​ពេល​ដែល​គេ​និយាយ​ទៅ​ដល់​បញ្ហា​ពាក់​ព័ន្ធ​នឹង​មនុស្ស​ធម៌​ ពីព្រោះ​នេះ​ជា​រឿង​ពាក់​ព័ន្ធ​នឹង​អាយុ​ជីវិត​របស់​មនុស្ស​។

 

 

រដ្ឋាភិបាល​ថៃ​ តាម​ប្រសាន៍​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា បាន​ស្នើ​សុំ​បង្កើត​គោល​ការណ៍​ណែនាំ​មួយ​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​តាម​រយៈ​យន្តការ​​ក្រសួង​ការ​បរទេស​ផង​ និង​​យន្តការ​សមាគម​អាស៊ាន​ផង​។ ​គេ​រំពឹង​ថា​នឹង​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ ​លោក​ប្រាយុទ្ធ​ថ្លែង​បន្ត​ទៀតថា​យើង​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ជា​ប្រព័ន្ធ​។​

 

 

លោក​ថា​ជន​ភៀស​ខ្លួន​ភូមា​មួយ​ចំនួន​ដែល​ត្រូវ​របួស​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​ភូមា ត្រូវ​បាន​​គេ​ដឹក​ជញ្ជូន​ចូល​ទឹក​ដី​ថៃ​ដើម្បី​ទទួល​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​។​ នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ថៃ​អះអាង​ថា​ចំនួន​ជន​ភៀស​ខ្លួន​ដែល​រត់​ទៅ ជ្រក​កោន​នៅ​ខេត្ត​មេហុង​សឺន​មាន​ចំនួន​២​ពាន់​នាក់​។

 

 

​ ចំណែក​នាយក​ដ្ឋាន​ពាណិជ្ជកម្ម​ឆ្លង​ដែន​បង្ហាញ​ថា​​ថៃ​បាន​បើក​ច្រក​ព្រំដែន​​ឡើង​វិញ​នៅ​ត្រង់​ចំណុច​គោល​ដៅ​មួយ​ចំនួន​​​​​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ហូរ​ចូល​នៃ​ជន​ភៀសខ្លួន​។ អាជ្ញាធរ​ថៃ​បាន​សម្រេច​ចិត្ត​បើក​ប៉ុស្តិ៍​ឆែក​ឆេរ​នៅ​ច្រក​ព្រំដែន​ជាប់​នឹង​​តំបន់​បាន​មេហុង​ នៃ​ខេត្ត​ត្រាត​ និង​ច្រក​សំខាន់ៗ​មួយ​ចំនួន​ទៀត​៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024