ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ឆ្លងកូវីដ១៩ ផលិតករជើងចាស់ដ៏ល្បីល្បាញ ម៉ៅ អាយុទ្ធ បានធូរស្រាលបន្តិចហើយក្រោយចេញពីបន្ទប់សង្គ្រេាះបន្ទាន់

០៧ មេសា ២០២១ | កម្សាន្ដ

 

ផលិតករភាពយន្តជើងចាស់ដ៏ល្បីល្បាញ ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវប្រកាសថា វិជ្ជមានកូវីដ១៩ និងបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ប៉ុន្តែពេលនេះស្ថានភាពជំងឺរបស់ឯកឧត្តមបានធូរស្រាលជាងមុន ហើយគ្រូពេទ្យបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ឲ្យមកសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ។

 


ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករ ភាពយន្តដ៏ល្បីល្បាញមួយក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀតនៅកម្ពុជា ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ផលិតករភាពយន្តជើងចាស់រូបនេះ បច្ចុប្បន្នអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

 


យោងតាមប្រសាសន៍របស់ ឯកឧត្តម ហុឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា តាមព័ត៌មានពីមន្ទីរពេទ្យមក ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ ឯកឧត្តម បានធូរស្រាលជាងមុន ហើយឥឡូវគ្រូពេទ្យបានបញ្ជូនឯកឧត្តម ម៉ៅ អាយុទ្ធ ចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ។

 

 

ច្រើនឆ្នាំមកនេះ ផលិតករជើងចាស់ ម៉ៅ អាយុទ្ធ បង្កើតបានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្ត វីដេអូចម្រៀងកាយវិការ កំណាព្យ ប្រលោមលោក ជាដើម។

 

 

ជាក់ស្តែង ស្នាដៃដែលធ្វើឲ្យកក្រើក វិស័យ ភាពយន្ត ខ្មែរ តាំង ពី សម័យ មុនរបស់ផលិតករជើងចាស់ ម៉ៅ អាយុទ្ធ មានដូចជា៖
១. បិទ ភ្នែក ហែក ទ្រូង៖ រឿង នេះ ជា ស្នាដៃ ផលិត  និង ដឹកនាំដំបូង របស់ឯកឧត្តម នៅ ក្នុងសម័យ សាធារណរដ្ឋ ខ្មែរ  ឆ្នាំ១៩៧៣។ ស្នាដៃដំបូងរបស់ឯកឧត្តមនេះស្ថិតនៅក្នុងផលិតកម្ម បូព៌ាភាពយន្ត សម្តែង ដោយ លោក គង់ សំអឿន និងអ្នកស្រី គឹម ណូវ៉ា ហើយ ឯកឧត្តម ក៏បាន ចូលរួម សម្តែង ក្នុង រឿងនោះ ដែរ ។


២. ចិត្តចងចាំ៖ ជាស្នាដៃមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ផលិតឡើងនៅអំឡុងឆ្នាំ១៩៨៨-១៩៨៩ និងបានចាក់បញ្ចាំងរយៈពេល១ខែពេញ។ «ចិត្តចងចាំ» គឺជាខ្សែភាពយន្តរបស់នាយកដ្ឋានភាពយន្ត សម្តែងដោយលោក ខៃ ប្រសិទ្ធ និង អ៊ុ កណ្ណារី។


៣. ឆ្អឹងអណ្តែត៖ ផលិតនៅអំឡុងឆ្នាំ ១៩៩០-១៩៩១ របស់នាយកដ្ឋានភាពយន្ត រឿងនេះក៏ទទួលការគាំទ្រពីអ្នកទស្សនាជំនាន់នោះយ៉ាងខ្លាំង។ «ឆ្អឹងអណ្តែត» សម្តែងដោយតារាល្បីៗ ដូចជាលោក ទេព រិនដារ៉ូ អ៊ុ កណ្ណារី អម្ពរ ទេវី ជា ណូបូ។


៤. នេសាទ ក្រពើ៖  ជារឿង របស់ផលិតកម្ម ហង្សមាស។ ជាភាពយន្តដែលល្បីល្បាញខ្លាំងអំឡុង ឆ្នាំ  ២០០៣-២០០៤។ ភាពយន្តនេះ រួម សម្តែង ដោយ តារា ល្បីៗ ជា ច្រើន ដូច ជា លោក ព្រាប សុវត្ថិ ស៊ឹម សូលីកា ញ៉ែម សុគន្ធ នាយព្រែក។ ទោះកន្លងទៅប្រមាណ១ទស្សវត្សហើយក្តី តែរឿងនេះនៅតែទទួលការគាំទ្រខ្លាំង និងមានអ្នកចូលទស្សនាពេញសាលរាល់ពេលប្រកាសចាក់បញ្ចាំងឡើងវិញ។ ភាពយន្ត  នេះ  ដែរ ទទួល បាន ពាន មាស ជាប់ ចំណាត់ ថ្នាក់ លេខ១ ក្នុង មហោស្រព វីដេអូជាតិ លើក ទី២ ឆ្នាំ ២០០៥។


៥. ហ្លួង ព្រះ ស្តេច កន៖ ភាពយន្ត បែប ប្រវត្តិសាស្រ្ត ប្រចាំ ឆ្នាំ ២០១៧  ដែលចំណាយ ពេល ស្រាវជ្រាវ និង ផលិត ដល់ ទៅ ២ ឆ្នាំ  និង ថវិកា១លានដុល្លារ ក្រោមការសហការរបស់ទូរទស្សន៍ទំនើប PNN។ រឿងនេះចូលរួមសម្តែងដោយតារាសម្តែងជើងចាស់ ទេព រិនដារ៉ូ លោក ស៊ិន សក្កដា លោក រស់ សោភ័ណ  អ្នកនាង ឆុំ វត្តី លោក ហេង ប៊ុនលាភ អ្នកស្រី ឌី សាវ៉េត និងទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ។  ស្នាដៃ បែប ប្រវត្តិសាស្ត្រ និងជា ការ ប៉ង ដឹក នាំ របស់ ឯកឧត្តម ជាង ១០ ឆ្នាំ  មក នេះ   មាន អ្ន កសម្រុកមកទស្សនា ភ្លូក ទឹក ភ្លូកដី។


បច្ចុប្បន្ន ឯកឧត្តម ម៉ៅ អាយុទ្ធ កំពុងផលិតស្នាដៃខ្សែភាពយន្តជាប្រវត្តិសាស្រ្តមួយទៀត ចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ដែលកន្លងមករឿងនេះ ជាការ តាក់តែង និពន្ធ ជា ល្ខោននិយាយ និង ចាក់ផ្សាយ នៅ វិទ្យុ បាយ័ន ដោយ ទទួលបាន ការគាំទ្រ យ៉ាងខ្លាំង ពី សំណាក់ ប្រិ យ មិត្តអ្នកស្ដាប់ ទូទាំងប្រទេស ជា ខ្សែ រឿង ដែលមាន ប្រជាប្រិយភាព បំផុត ។ រហូតមានការស្នើរសុំពីប្រជាជនឲ្យមានការផលិតរឿងនេះជាខ្សែភាពយន្តភាគតែម្តង ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានទស្សនា។


ខ្សែភាពយន្តនេះ  ផ្អែក ទាំងស្រុង ទៅលើ ដំណើររឿង ជីវិត ពិត នៃ មេដឹកនាំ ដ៏ ឆ្នើម របស់ កម្ពុជា យើង គឺ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល កម្ពុជា

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024