ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងកសិកម្ម អំពាវនាវម្តងទៀត ឱ្យអ្នកដាំស្វាយ ចុះបញ្ជី ដើម្បីបានតម្លៃសមស្រប និងមានទីផ្សារ

០១ មេសា ២០២១ | ព័ត៌មានជាតិ

ជាថ្មីម្តងទៀត ដើម្បី ឆ្លើយតបទៅនឹងតម្លៃផ្លែស្វាយដែលបានធ្លាក់ថ្លៃ ក្រសួងកិសកម្ម បានអំពាវនាវដល់អ្នកប្រកបមុខរបរដាំស្វាយសម្រាប់នាំចេញទាំងអស់ ឱ្យទៅចុះឈ្មោះ នៅអគ្គនាយកដ្ឋានកសិកម្ម ហើយថា ការធ្វើបែបនោះ គឺដើម្បីទទួលបានព័ត៌មានទីផ្សារ ការបណ្តុះបណ្តាលបច្ចេកទេស ក្នុងការដាំដុះតាមស្តង់ដារដែលជាតម្រូវការទីផ្សារ និងចងក្រងជាបណ្តុះអាជីវកម្មស្វាយ ដើម្បីធានាបាននូវទីផ្សារ និងស្ថិរភាពតម្លៃសមស្រប។

 


ដើម្បី រក្សាបាននូវស្ថិរភាពតម្លៃសមស្រប និង មានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមអំពាវនាវម្តងហើយម្តងទៀត ដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមចុះបញ្ជីកសិដ្ឋានដំណាំស្វាយសម្រាប់នាំចេញរបស់ខ្លួន នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បី ងាយស្រួលទទួលបានព័ត៌មាន និង សេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និង គុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុងស្រុក និង ក្រៅស្រុក ដើម្បី ចុះកិច្ចសន្យាប្រមូលទិញ កែច្នៃ និង នាំចេញ ។ នេះគឺជាសេចក្តីប្រកាសរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ហើយជាការកត់សម្គាល់ ការអំពាវនាវក្នុងគោលបំណងដូចគ្នានេះ មិនមែនទើបតែត្រូវបានជាលើកទី ១ ឡើយ  ។

 


គួររំឭកថា កាលពីដើមឆ្នាំ ២០២១ នេះ ផ្លែស្វាយមានតម្លៃល្អ ប៉ុន្តែចាប់ពីខែ កុម្ភៈ រហូតមដក់ពេលបច្ចុប្បន្ននេះ តម្លៃផ្លែស្វាយបានធ្លាក់ចុះ ហើយតាមរយៈសេចក្តីប្រកាសដដែលខាងលើនេះ ក្រសួងកសិកម្ម បានពន្យល់ថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយផង ប្រែប្រួលឡើងចុះមិនទៀងទាត់ ដោយសាររដូវកាលប្រមូលផលផ្លែស្វាយនៅប្រទេស កម្ពុជា និង នៅប្រទេសដទៃ នាំឱ្យមានផ្លែស្វាយច្រើនលើសពីតម្រូវការទីផ្សារផង ស្របពេលសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ពីការរាតត្បាត នៃ ជំងឺកូវីដ ១៩ ផង ។ ហេតុនេះ មានតែការចុះបញ្ជី ដើម្បី ធ្វើកិច្ចការមួយចំនួន ដូចដែលបានលើកឡើងខាងលើនេះទេ ទើបអាចកាត់បន្ថយបានជាអតិបរមានូវហានិភ័យនានារបស់កសិករដាំស្វាយ ។

 


ជាការកត់សម្គាល់ ក្រសួងកសិកម្ម  ដែលមាន អគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានពុះពារដោះស្រាយនូវបញ្ហាជារបាំងបច្ចេកទេសក្នុងដំណើរការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសនានាដែលមានសក្តានុពល ដូចជាប្រទេស ចិន កូរ៉េ និង ជប៉ុន ជាដើម ។ ជាលទ្ធផល បន្ទាប់ពីអស់រយ:ពេល ០៤ ឆ្នាំ ផ្លែស្វាយកែវរមៀតស្រស់របស់ កម្ពុជា ត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េជាលើកដំបូងកាលពីឆ្នាំ ២០២០  ហើយភាគីពាក់ព័ន្ធសង្ឃឹមថា នៅឆ្នាំ ២០២១ នេះ នឹងនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបាន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ ហើយ ដើម្បី ឆ្លើយតបទៅនឹងលក្ខខណ្ឌនានា នាយកដ្ឋានការពារដំណាំអនាម័យ   និង ភូតគាមអនាម័យ បានចុះវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និង ម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ និង បានផ្ញើ របាយការណ៍ទៅទីភ្នាក់ងារអនាម័យ និង ភូតគាមអនាម័យ នៃ ប្រទេសកូរ៉េដើម្បីពិនិត្យ និង សម្រេចរួចហើយ។

 


ដោយឡែកចំពោះទីផ្សារប្រទេស ចិន វិញ ក្រសួងកសិកម្មអះអាងថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៤ បានបញ្ចប់ការសាងសង់ប្រព័ន្ធសម្លាប់មេរោគ ហើយអគ្គនាយកដ្ឋានកសិកម្ម បានដាក់សំណើទៅប្រទេ ចិន រួចរាល់ហើយកាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ដើម្បី ពិនិត្យ និង សម្រេច ក្នុងការនាំស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេស ចិន ។


សូមជម្រាបថា នៅទូទាំងប្រទេស កម្ពុជា មានផ្ទៃដីដាំដុះស្វាយសរុបជាង ១ សែន ២ ម៉ឺន ៤ ពាន់  ហិកតា ទទួលបានទិន្នផលជាមធ្យមចំនួន ១៦ តោន ក្នុង ១ ហិកតា ក្នុង ១ រដូវ ដែលមានបរិមាណផលសរុបជិត ១ លាន ៤ សែន ៤ ម៉ឺន និង  ៩ ពាន់ តោន ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024