ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

កម្ពុជា កំពុងតាមដានវិធីកម្ចាត់ដង្កូវហ្វូងថ្មី លើដំណាំពោត ដោយប្រើភ្នាក់ងារជីវសាស្ត្រ T-remus

១៨ សីហា ២០២១ | ព័ត៌មានជាតិ

មួយរយៈចុងក្រោយនេះ ដំណាំពោត នៅលើពិភពលោក រួមទាំងនៅកម្ពុជា ផង កំពុងរងការរាតត្បាតពីដង្កូវហ្វូងប្រភេទថ្មី ឈ្មោះថា Fall Armyworm ហើយស្ថាប័នជំនាញរបស់កម្ពុជា សហការជាមួយស្ថាប័នជំនាញទាំងថ្នាក់តំបន់ និងអន្តរជាតិ បានសិក្សាស្រាវជ្រាវពិសោធន៍ពីវិធីកម្ចាត់សត្វចង្រៃនេះ ដោយប្រើភ្នាក់ងារជីវសាស្រ្ត T-remus ហើយពេលនេះ កំពុងតាមដានអំពីប្រសិទ្ធភាព នៃការពិសោធន៍នេះ ដោយសង្ឃឹមថា នឹងអាចដឹងលទ្ធផល នៅក្នុងខែតុលា ខាងមុខនេះ។

 


ដំណាំពោត បាន និងកំពុងប្រឈមនឹងដង្កូវហ្វូងប្រភេទថ្មី ឈ្មោះ Fall Armyworm ដែលជាសត្វល្អិតមួយប្រភេទបំផ្លាញផលដំណាំធញ្ញជាតិច្រើនប្រភេទ ជាពិសេសដំណាំពោត នៅទូទាំងពិភពលោក។ ប្រទេសជាច្រើននៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី បាន និងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីដង្កូវប្រភេទថ្មីនេះ។ ដោយឡែកនៅកម្ពុជា ដង្កូវហ្វូងប្រភេទថ្មីនេះ មានវត្តមានកាលពីឆ្នាំ២០១៩ ដែលក្នុងដំណាក់កាលដំបូង នៃការរាតត្បាតនោះ ដង្កូវហ្វូងបានបំផ្លាញដំណាំពោតសរុបទូទាំងប្រទេសកម្ពុជាចំនួនជាង ១ ម៉ឺន និង ១ ពាន់ ហិកតា នៅក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តត្បួងឃ្មុំ។ បច្ចុប្បន្ន ដង្កូវហ្វូវនេះបានឆ្លងរាតត្បាតនៅស្ទើរគ្រប់តំបន់ផលិតដំណាំពោតទូទាំងប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

 


ឆ្លើយតបទៅនឹងបញ្ហាថ្មីមួយនេះ នាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យ នៃ អគ្គនាយកដ្ឋានកសិកម្ម បានសហការយ៉ាងសកម្ម និង បន្ទាន់ ជាមួយថ្នាក់ជាតិ អន្តរជាតិ និង ថ្នាក់តំបន់ សិក្សាស្រាវជ្រាវ ស្វែងរកដើមចម នៃ បញ្ហាជាលក្ខណៈវិទ្យាសាស្រ្ត ដើម្បី ដាក់ចេញនូវវិធានការគ្រប់គ្រង និង កម្ចាត់ដង្កូវហ្វូងថ្មី ឲ្យមានប្រសិទ្ធភាព និង ទាន់ពេលវេលា។ 


ក្នុងថ្នាក់តំបន់ នាយកដ្ឋាន បានសហការជាមួយអ្នកជំនាញការ មកពីបណ្តាប្រទេសសមាជិក អាស៊ាន រៀបចំ និង ដាក់ចេញនូវយន្តការគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីនេះ។ អ្នកជំនាញការពារដំណាំ ក៏បានសហការជាមួយអ្នកជំនាញការអន្តរជាតិ នៃ វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវ  ស្រាវជ្រាវរកវិធីសាស្រ្តគ្រប់គ្រងតាមបែបជីវសាស្រ្ត គឺការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រ ឬសត្រូវធម្មជាតិ ឈ្មោះ T-remus ដែលជាភ្នាក់ងារជីវសាស្រ្តធ្វើប៉ារ៉ាស៊ីត លើពងដង្កូវហ្វូងទូទៅ  ដើម្បី គ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីនេះ។

 


អគ្គនាយកដ្ឋានកសិកម្ម បានបន្ថែមថា នៅទ្វីបអាហ្វ្រិក គេបានប្រើវិធីនេះ សម្រាប់កម្ចាត់ដង្កូវហ្វូងប្រភេទថ្មីតាមបែបជីវសាស្រ្ត ទទួលបានលទ្ធផលជោគជ័យហើយ។ នៅកម្ពុជា បានប្រើភ្នាក់ងារជីវសាស្ត្រ ឬ ប៉ារ៉ាស៊ីត T-remus នៅលើពងរបស់ដង្កូវហ្វូងប្រភេទថ្មីក្នុងចម្ការពោតរបស់កសិករ។ ក្រោយពីទទួលបាន T-remus គឺត្រូវចិញ្ចឹមបន្តក្នុងបន្ទប់ពិសោធន៍ ដើម្បី បង្កើនចំនួនប្រជាកររបស់វាសម្រាប់លែងទៅក្នុងចម្ការពោត ។ ចំពោះសកម្មភាពលែងប៉ារ៉ាស៊ីតនេះ នាយកដ្ឋានបានអនុវត្តសាកល្បងក្នុងលក្ខខណ្ឌពិសោធន៍ក្នុងចម្ការពោតនៅខេត្តកណ្តាល ដែលក្នុងដំណាំពោតទំហំ ០១ ហិកតា ត្រូវលែង T-remus ចន្លោះពី ១០-១៥ ម៉ឺនក្បាល។ ចំពោះលទ្ធផលនៃការស្រាវជ្រាវ អំពីប្រសិទ្ធភាព នៃ ភ្នាក់ងារជីវសាស្រ្តនេះនឹងវិភាគក្នុងខែតុលាខាងមុខនេះ។

 


សូមជម្រាបថា នៅប្រទេស កម្ពុជា ពោត គឺជាដំណាំសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្ម សម្រាប់ផ្គត់ផ្គង់ឲ្យផលិតកម្មចំណីសត្វ អាហាររបស់មនុស្ស និង ជាផលិតផលសម្រាប់នាំចេញ ហើយនៅឆ្នាំ២០២០ កម្ពុជាបាននាំចេញគ្រាប់ពោតក្រហម ទៅកាន់ទីផ្សារអន្តរជាតិ បាន ចំនួន ១ ៩៤,៦២៥ តោន៕


អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024