ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប៉ុន្មានថ្ងៃមកនេះ ស៊ុតមាន់ បានឡើងថ្លៃបន្តិច ប៉ុន្តែត្រឹមតែអាចទប់ទល់ចំណីសត្វប៉ុណ្ណោះ

១០ មិថុនា ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីមានវិធានការអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមក ប៉ុន្មានថ្ងៃមកនេះ ស៊ុតមាន់នៅតាមកសិដ្ឋាន បានឡើងថ្លៃ និងស្រួលលក់ចេញជាងមុនបន្តិច ប៉ុន្តែមិនទាន់ចំណេញនៅឡើយទេ គឺត្រឹមតែអាចទប់ទល់ថ្លៃចំណីសត្វប៉ុណ្ណោះ ទោះយ៉ាងណាកសិករ និងកសិដ្ឋាននៅទូទាំងប្រទេស ថ្លែងអំណរគុណចំពោះកិច្ចអន្តរាគមន៍ទាំងនេះ ហើយសង្ឃឹមថា ស៊ុតមាន់ នឹងមានទីផ្សារល្អជាងនេះបន្តិចទៀត ។ 

 


ប៉ុន្មានថ្ងៃមកនេះ ស៊ុតមាន់បានឡើងថ្លៃបន្តិច និងងាយស្រួលលក់ជាងមុនបន្តិច ប៉ុន្តែស្ថានភាពនេះមិនទាន់បានចំណេញទេ គឺទើបតែអាចទប់ទល់ចំណីសត្វប៉ុណ្ណោះ ទោះយ៉ាងណាគឺបានធូរស្រាលជាងប៉ុន្មានខែមកនេះបន្តិច ។ ការបានធូរស្រាលបន្តិចនេះ ដោយសារកិច្ចសហការល្អជាមួយសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ពីក្រសួងស្ថាប័នពាក់ព័ន្ធ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាដើម ដែលមានឆន្ទៈជួយដោះស្រាយបញ្ហារបស់កសិករចិញ្ចឹមមាន់យកស៊ុត ជាពិសេសពីសំណាក់ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល បន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ដោយផ្ទាល់ ហើយឯកឧត្តម ថែមទាំងបានសន្យាថា នឹងជួយរិះរកមធ្យោបាយធ្វើយ៉ាងណា ឱ្យស៊ុតមាន់មានទីផ្សារល្អប្រសើរជាងនេះទៅទៀត ។ នេះបើតាមការអះអាងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា នាឱកាសផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ PNN នៅថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២១ នេះ។

 


សូមជម្រាបប៉ុន្មានថ្ងៃមកនេះនៅតាមកសិដ្ឋាន ស៊ុតមាន់ ១ គ្រាប់ តម្លៃចន្លោះពី ៣២០-៣៣០ រៀល  ដែលកាលពីប៉ុន្មានខែមកនេះ តម្លៃស៊ុតមាន់បានធ្លាក់ទាបជាងនេះ ហើយថែមទាំងពិបាកលក់ចេញទៀតផង ហើយការធ្លាក់ថ្លៃកាលណោះ ត្រូវបានទទួលស្គាល់ជាទូទៅថា ដោយសារការរីករាលដាល នៃ ជំងឺកូវីដ-១៩ ហើយក៏ប្រហែលជាដោយសារការនាំចូលពីប្រទេសជិតខាង មកល់ក្នុងតម្លៃថោកជាងទីផ្សារផងដែរ ខណៈចំណីសត្វបានឡើងថ្លៃជាបន្តបន្ទាប់ពីចន្លោះ ១១,៤ ទៅ ១២,៤ ដុល្លារ ក្នុង ១ បាវ ហើយត្រូវបានលោក ស្រ៊ុន ពៅ ពន្យល់ថា ដោយសារជំងឺកូវដ-១៩ ធ្វើឱ្យការដឹកជញ្ជូនវត្ថុធាតុផ្សំចំណីសត្វពិបាកដឹកជញ្ជូន ។

 


សូមជម្រាបថា មូលហេតុដែលស៊ុតមាន់នាំចូលពីប្រទេសជិតខាង ជាពិសេសនាំចូលពី វៀតណាម មកលក់នៅ កម្ពុជា ក្នុងតម្លៃថោកជាងទីផ្សារបាននោះ ដោយសារកត្តាចម្បងៗ ២ យ៉ាងគឺ ទី ១ ដោយសារថ្លៃដើមចិញ្ចឹមនៅ វៀតណាម ទាបជាងនៅ កម្ពុជា , ទី ២ ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យស៊ុតមាន់នៅ វៀតណាម នៅសល់ច្រើន ទើបពួកគេនាំមកលក់នៅ កម្ពុជា ក្នុងតម្លៃថោកៗ គ្រាន់តែកុំឱ្យខាតបង់ចោលទាំងស្រុងតែប៉ុណ្ណោះ  ។

 


ទោះយ៉ាងណា ការធ្លាក់ចុះស៊ុតមាន់នោះ មានតែនៅក្នុងចំណោមកសិដ្ឋាន និង ឈ្មួញកណ្តាលតែប៉ុណ្ណោះ ចំណែកស៊ុតមាន់នៅលើកទីផ្សារ មិនបានចុះថ្លៃបែបនោះឡើយ ហើយក្នុងស្ថានភាពខ្លះ ថែមទាំងបានហក់ឡើងថ្លៃទៀតផង ។ នេះបើតាមការកត់សម្គាល់រយៈពេលប៉ុន្មានខែមនេះ ជាពិសេសនៅពេលដែល កម្ពុជា ត្រូវបានញាំញីខ្លាំងដោយជំងឺកូវីដ-១៩ ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត និង ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024