ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រធានសហប្រជាជាតិប្រាប់ក្រុមយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់ការបង្ក្រាបទៅលើក្រុមបាតុករ

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូធឺរ៉េស កាលពីថ្ងៃចន្ទបានជំរុញឱ្យក្រុមយោធានៅប្រទេសមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចកាលពី៣សប្ដាហ៍មុននោះបញ្ឈប់ការបង្ក្រាបនិងដោះលែងមនុស្សរាប់រយនាក់ដែលត្រូវបានចាប់ឃុំខ្លួនតាំងពីមានរដ្ឋប្រហារយោធានេះ។

 

 

 

 

 

 

 

ប្រធានសហប្រជាជាតិលោក ហ្គូធឺរ៉េស បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា សហប្រជាជាតិបានមើលឃើញការធ្លាក់ចុះនៃរបបលទ្ធិប្រជាធិបតេយ្យ ការប្រើកម្លាំងព្រៃផ្សៃ ការចាប់ខ្លួនតាមតែអំពើចិត្ត និងការបង្ក្រាបនៅគ្រប់ទម្រង់ទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។

 

 


អគ្គលេខាធិការរូបនេះបានបន្ថែមថា ស្ថាប័នសិទ្ធិមនុស្សកំពូលនេះក៏បានមើលឃើញការរិតត្បិតសិទ្ធិជនស៊ីវិល ការវាយប្រហារទៅលើសង្គមស៊ីវិល និងការបំពានមួយចំនួនទៀតទៅលើក្រុមប្រជាពលរដ្ឋភាគតិចដោយគ្មានការទទួលខុសត្រូវផងដែរជាពិសេសគឺការបង្ក្រាបទៅលើពលរដ្ឋរ៉ូហ៊ីងយ៉ាតែម្ដង។

 

 


លោក ហ្គូធឺរ៉េស បានបញ្ជាក់ថា ថ្ងៃនេះលោកសូមអំពាវនាវឱ្យក្រុមយោធាប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការបង្រ្កាបទាំងអស់ជាបន្ទាន់គឺត្រូវដោះលេងអ្នកទោស (នយោបាយ) បញ្ចប់អំពើហិង្សា គោរពសិទ្ធិមនុស្សនិងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានសម្ដែងតាមរយៈការបោះឆ្នោតដែលទើបកន្លងទៅថ្មីៗនេះ។
ទន្ទឹមនេះដែរ ក្រុមយោធាប្រទេសមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការដោយអាជ្ញាប័ណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយណាដែលនៅតែបន្តប្រើពាក្យរដ្ឋាភិបាល«រដ្ឋប្រហារ» ព្រោះពួកគេធ្លាប់បានព្រមានរួចមកហើយចំពោះការពាក្យទាំងនេះ។

 

 


លោក មីន អ៊ុង លាំង ជាប្រធានក្រុមយោធាបាននិយាយថា ក្រុមយោធាបានអនុវត្តអ្វីៗតាមមាគ៌ាប្រជាធិបតេយ្យ ហើយគ្មានអ្វីសំខាន់ជាងអាយុជីវិតមនុស្សនោះឡើយដូច្នេះហើយក្រុមយោធាកំពុងគ្រប់គ្រងស្ថានការណ៍នេះដោយប្រុងប្រយ័ត្នបំផុត៕

 

 

 

 

ប្រែសម្រួល៖SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024