ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរប្រកាសគាំទ្រស្វាគមន៍ និងជំរុញលើកទឹកចិត្ត ចំពោះការវិនិយោគលើអាជីវកម្ម និងសេវាកម្មស្របច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ

២៨ មករា ២០២១ | ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំំពេញ បានប្រកាសគាំទ្រស្វាគមន៍និងជំរុញលើកទឹកចិត្ត ចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ។ អភិបាលរាជធានីភ្នំពេញ បន្តថា រាជធានីភ្នំពេញ បានបើកទូលាយសម្រាប់ការវិនិយោគ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ 

 


អភិបាលរាជធានីភ្នំំពេញ ឯកឧត្តម ឃួង ស្រេង បានប្រកាសគាំទ្រស្វាគមន៍និងជំរុញលើកទឹកចិត្ត ចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសបើកទូលាយសម្រាប់ការវិនិយោគ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ការប្រកាសរបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដូចនេះបានធ្វើឡើងនៅក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (Prince Square) កាលពីរសៀលថ្ងៃទី២៥ ខែមករា។ 

 


ក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងអគារព្រីនស៍ ហូលឌីង គ្រុប កោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឯកឧត្តម អភិបាលរាជធានីភ្នំំពេញ បានបន្ថែមទៀតថា ជាក់ស្តែងគមោងផ្សារទំនើប Prince Square ជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។

 


គួរបញ្ជាក់ថា គម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ ស្ថិតនៅខណ្ឌទួលគោក ដែលមានទំហំសរុប ៣៥០០០ ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ ៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ ជាដើម៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024