ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អភិបាលរាជធានីភ្នំពេញ ជំរុញអោយពង្រឹងបន្ថែមវិធានការរដ្ឋបាល ខណៈការអនុវត្តរយៈពេល ៤ថ្ងៃមកនេះ មានភាពល្អប្រសើរ

០៣ សីហា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់អាជ្ញធរខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងវិធានការរដ្ឋបាលអោយម៉ឺងម៉ាត់ ជាពិសេសវិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ចាប់ពីដាក់ចេញវិធានការរដ្ឋបាលប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ ធ្វើអោយការអនុវត្តវិធានមានភាពល្អប្រសើរ។ អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ

 

 

 

ការជំរុញរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅកាន់អាជ្ញធរខណ្ឌទាំង១៤ អោយបន្តពង្រឹងវិធានការរដ្ឋបាលអោយម៉ឺងម៉ាត់ ជាពិសេសវិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ សីហា នៅសាលារាជធានីភ្នំពេញ។

 

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថាបន្ទាប់ពីដាក់ចេញវិធានការរដ្ឋបាលកាលពីថ្ងៃទី២៩ ខែកក្កដា រដ្ឋបាលរាជធានីពិនិត្យឃើញថា មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីឈានដើម្បីទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វីរុសបម្លែងថ្មីប្រភេទដែលតា។

 

 

សម្រាប់ការអនុវត្តវិធានការបម្រាមគោចរ ឯកឧត្តម ក៏ណែនាំដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស និងយានយន្ត ហើយផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

 

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា  បានប្រកាសដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  ក្នុងវិធានការរដ្ឋបាលនោះ ក៏មានការដាក់ចេញ បម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយត្រូវអនុវត្តរយៈពេល ១៤  រហូតដល់ថ្ងៃទី១២ ខែសីហា ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024