ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

ថៃ រំពឹងពង្រីកការនាំចេញទៅ អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន

២៦ មករា ២០២១ | សេដ្ឋកិច្ច

ការនាំចេញរបស់ប្រទេសថៃ ទៅកាន់អាមេរិក រំពឹងនឹងមានការកើនឡើងខ្លាំង ដោយសារតែ គោលនយោបាយពាណិជ្ជកម្មដ៏ស្និទ្ធស្នាល ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក ចូ បៃដិន ហើយមិនមែនត្រឹមតែពាណិជ្ជកម្មជាមួយប្រទេសថៃនោះទេ គឺជម្រុញពាណិជ្ជកម្មរវាង អាមេរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

 

 

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។


លោក ស៊ុម ដេត អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មអន្តរជាតិ បានគូសបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីថ្មី រំពឹងនឹងជម្រុញពាណិជ្ជកម្មរវាង ថៃ និងអាមេរិក មិនត្រឹមតែប៉ុណ្ណោះ នឹងជម្រុញការវិនិយោគរវាងគ្នាផងដែរ។

 


ប្រទេសថៃ ក៏រំពឹងនឹងទទួលបានប្រយោជន៍បន្ថែមទៀតពី ការនាំចេញទំនិញ ដែលអាចជំនួសឲ្យផលិតផលចិនបាន ព្រោះថា អាមេរិក នៅតែដាក់បន្ទុកពន្ធលើទំនិញចិន ដែលធ្វើឲ្យទំនិញមកពីបណ្តាប្រទេសដទៃទៀត មានឱកាសប្រកួតប្រជែង។

 


លោក ស៊ុម ដេត បន្តថា ការនាំចេញផលិតផលរបស់ថៃ ទៅកាន់ទីផ្សារអាមេរិក រំពឹងនឹងកើនឡើង ៤% ក្នុងឆ្នាំ ២០២១នេះ ដោយទំនិញសក្តានុពលរួមមាន ចំណីអាហារចម្អិនស្រាប់ អាហារសម្រន់ គ្រឿងអេឡិចត្រូនិក និងសម្ភារៈការពារខ្លួនជាដើម។


យ៉ាងណាក៏ដោយ សកម្មភាពជម្រុញពាណិជ្ជកម្មនៅតែបន្ត ដោយផ្តោតទៅលើ ផលិតផលកសិកម្មកែច្នៃ ផលិតផលអូកានិច អង្ករ និងផ្លែឈើជាដើម ហើយ អគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មអន្តរជាតិ ក៏គ្រោងនឹងបង្កើតហាងទំនិញថៃ នៅលើទីផ្សារអនឡាញ ដូចជា Amazon.com ជាដើម។


ទោះយ៉ាងណា ថៃ នៅតែបន្តសិក្សាទៅលើ គោលនយោបាយជាក់លាក់របស់ អាមេរិក ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានអតិបរមា, កាត់បន្ថយការពឹងផ្អែកទៅលើបរទេស ដោយពង្រឹងផលិតកម្មក្នុងស្រុក, ឬអាចផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅកាន់ អាមេរិក វិញ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024