ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថ្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅពុំទាន់មានការស្រកចុះនៅឡើយទេ ខណៈតម្រូវការនៃការប្រើប្រាស់សេវាដឹកជញ្ជូនកំពុងហក់ឡើងខ្លាំង

១១ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជា នៅតែដំណើរការជាធម្មតា បើទោះបីជាពេលនេះរាជរដ្ឋាភិបាលកម្ពុជាចេញគោលការណ៍ឲ្យមានការរិតបន្តឹងចំពោះការធ្វើដំណើរទៅមករវាងប្រជាជនកម្ពុជា វៀតណាម និងរវាងប្រជាជនកម្ពុជានិងថៃ។

 

ក្នុងអំឡុងពេលនៃការធ្វើដំណើរនេះចាំបាច់ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការអនុវត្តចូលរួមធ្វើចត្តាលីស័ក្តរយៈពេល១៤ថ្ងៃក៏ដោយ ក៏ការដឹកជញ្ជូននៅដំណើរការជាធម្មតា ព្រោះភាគច្រើននៃទំនិញគឺត្រូវបានដឹកឆ្លងកាត់តាមច្រកផ្លូវទឹក។


លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម ភស្តុភាកម្មកម្ពុជាបានប្រាប់ភីអិនអិន នៅថ្ងៃនេះថា សកម្មភាពការដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកព្រំដែន នៅតែដំណើរការជាធម្មតា ប៉ុន្តែអ្វីដែលបង្ករជាឧបសគ្គចំពោះអ្នកជំនួញ ក៏ដូចជាអ្នកប្រកបរបរ នៅក្នុងវិស័យដឹកជញ្ជូននាពេលនេះគឺថ្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅពុំទាន់មានការស្រកចុះថ្ងៃនៅឡើយទេ ខណៈតម្រូវការនៃការប្រើប្រាស់សេវាដឹកជញ្ជូនកំពុងហក់ឡើងខ្លាំង ដោយហេតុតែ ការផលិតនៅតាមប្រទេសនិមួយៗសម្រាប់ការនាំចេញនៅប៉ុន្មានខែចុងក្រោយគឺកំណើននៃការផលិតហក់ឡើងខ្លាំងពិសេសប្រទេសចិនតែម្តង។


លោកឧកញ៉ាបញ្ជាក់ថា គិតចាប់តាំងពីចុងឆ្នាំ២០២០ រហូតមកដល់ដើមឆ្នាំ២០២១ នេះ តម្លៃសេវាដឹកជញ្ជូនទំនិញតាមផ្លូវទឹកពុំបានបង្ហាញពីការធ្លាក់ចុះថ្លៃនោះដែរ ដោយតម្លៃបានកើនឡើងខ្ពស់ពី៣ ទៅ៥ដង ធៀបនឹងតម្លៃកាលពីពេលធម្មតា។


ជាការអះអាររបស់ប្រធានសមាគម ភស្តុភាកម្មកម្ពុជា ការកើនឡើងថ្លៃសេវាកម្មដឹកជញ្ជូននេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនាំចូលទំនិញវត្ថុធាតុដើមពីបរទេស នៅក្នុងទីផ្សារប្រទេសកម្ពុជាដោយបានកើនឡើងថ្លៃទៅតាមថ្លៃដឹកជញ្ជូននោះដែរ ហើយចំពោះអ្នករកស៊ីមុខជំនួញពាណិជ្ជកម្មក៏ទទួលបានផលចំនេញទាប ដែលទាំងនេះគឺជាក្តីបារម្ភមួយដ៏ធំសម្រាប់អ្នកជំនួញ។ 


លោកឧកញ៉ា ស៊ិន ចន្ធី បានបន្ថែមទៀតថា ការកើនឡើងថ្លៃសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹក នាពេលនេះដោយសាតែ បញ្ហាកូវីដផ្ទុះឡើងដែលធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន មួយចំនួនបានកាត់បន្ថយសកម្មភាពអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងខ្លះទៀតក៏បានកាត់បន្ថយបុគ្គលិកផងដែរ ស្របពេលដែលទំនិញផលិតបានមានតម្រូវការនាំចេញមានកំណើនយ៉ាងគំហុក ត្រូវបានកកស្ទះមិនអាចនាំចេញបានក្នុងបរិមាណជុំវិញ ៦០ភាគរយ ដែលភ្លាមៗនោះតម្លៃសេវាកម្មដឹកជញ្ជូនក៏ចាប់ផ្តើមឡើងថ្លៃខ្ពស់យកតែម្តង។


លោកឧកញ៉ាអះអាងបន្តថា តម្លៃនេះគឺមិនធ្លាប់មានឡើយធៀបនឹងថ្លៃកាលពេលធម្មតាដែលជាទូទៅ១កុងទ័រនឺ ថ្លៃ ៦០០ដុល្លារ ប៉ុន្តែឥឡូវតម្លៃដឹកជញ្ជូននេះបានកើនរហូងខ្ទង់ជាង២០០០ដុល្លារ ពោលគឺកើនឡើង៣ ទៅ៥ដង។

 

 

ប៉ុន្តែយ៉ាងណាសង្ឃឹមថា ថ្លៃដឹកជញ្ជូនទំនិញនេះនឹងមិនអូសបន្លាយយូរតទៅទៀតនោះឡើយដោយគិតថាអាចធ្លាក់ថ្លៃមកធម្មតាវិញក្នុងពេលដ៏ខ្លីនេះ ខណៈរដូវដែលចិនបន្ថយការនាំចេញ។

 


យ៉ាងណា តាមការអះអាងរបស់ ប្រធានសមាគម ភស្តុភាកម្មកម្ពុជា បើទោះបីជាមានការកើនឡើងថ្លៃដឹកជញ្ជូនទំនិញពីប្រទេសចិនតាមផ្លូវទឹកមានការកើនឡើងក៏ដោយចុះ ក៏វិស័យដឹកជញ្ជូននៅកម្ពុជាពេលនេះនៅតែដំណើរការសកម្មភាពល្អជាធម្មតា៕

 

 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024