ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ថៃ សង្ឃឹមលើការនាំចេញមុខទំនិញសំខាន់ៗ ក្នុងឆ្នាំ ២០២១

១៤ មករា ២០២១ | សេដ្ឋកិច្ច

ក្រុមអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនថៃ បានអះអាងពីក្តីសង្ឃឹមលើ ការនាំចេញផលិតផលសំខាន់ៗមួយចំនួន នៅក្នុងឆ្នាំ ២០២១នេះ រួមមាន សម្លៀកបំពាក់ និងវាយនភណ្ឌ ព្រមទាំងគ្រឿងម៉ាស៊ីន ដោយអះអាងថា វាមានការធ្លាក់ចុះតិចតួច កាលពីឆ្នាំ ២០២០។

 

តែយ៉ាងណា រាជរដ្ឋាភិបាលថៃ បានសម្លឹងឃើញពី មុខទំនិញ ៣ប្រភេទផ្សេងទៀត រួមមាន ផលិតផលកសិកម្ម សម្ភារៈសម្រាប់ការបំពេញការងារនៅផ្ទះ និងផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលអាចមានកំណើននាំចេញោល្អក្នុងឆ្នាំនេះ។

 

 

នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ បានព្យាករណ៍ថា ផលិតផលដែលមានការនាំចេញ ធ្លាក់ចុះកាលពីឆ្នាំ ២០២០ ហើយអាចងើបឡើងវិញបានក្នុងឆ្នាំ ២០២១នេះ រួមមាន ផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ និងគ្រឿងម៉ាស៊ីន ក៏ដូចជា អង្ករជាដើម ដែលផលិតផលទាំងអស់នេះ សុទ្ធតែមានការនាំចេញធ្លាក់ចុះតិចតួចប៉ុណ្ណោះ កាលពីឆ្នាំ ២០២០។

 


ចំពោះផលិតផលដែលមានការធ្លាក់ចុះខ្លាំង ហើយមិនសង្ឃឹមថា ងើបឡើងក្នុងឆ្នាំ ២០២១នេះ រួមមាន ផលិតផលធ្វើពី ប្លាស្ទិក និងស្ករ ដែលអាចនឹងធ្លាក់ចុះរង្វង់ ៧% ទៅ ១០% ហើយ ស្ករ រងប៉ះពាល់ខ្លាំងជាងគេ ដោយសារតែ ប្រទេសផលិតផលស្ករ យក្សៗដូចជា ប្រេស៊ីល បានបញ្ចេញស្តុក ស្ករ យ៉ាងច្រើន ធ្វើឲ្យមានជំនន់ ក្នុងទីផ្សារសកលលោក។

 


ដោយឡែកបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងអំពី ផលិតផលសក្តានុពល សម្រាប់នាំចេញក្នុងឆ្នាំ២០២១នេះ រួមមានផលិតផលកសិកម្ម សម្ភារៈសម្រាប់ការបំពេញការងារនៅផ្ទះ និងផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដូចជា អង្ករ អាហារកំប៉ុង កុំព្យូទ័រ និងស្រោមដៃពេទ្យជាដើម។

 


ក្រសួងពាណិជ្ជកម្មថៃ ក៏បានណែនាំដល់ អ្នកនាំចេញឲ្យចាប់យក អត្ថប្រយោជន៍ប្រកួតប្រជែងពី កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP និងស្វែងរកឱកាសពង្រីកទីផ្សារនៅក្នុង ប្រទេសអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុន និងអង់គ្លេសជាដើម។

 


គួរជម្រាបដែរថា បញ្ហាមេរោគកូវីដ១៩ នៅតែជាកត្តាសំខាន់មួយ ដែលប៉ះពាល់ដល់គ្រប់វិស័យ និងទូទាំងសកលលោក ដែលធ្វើឲ្យទីផ្សារប្រកួតប្រជែងកាន់តែតានតឹង ហើយថៃ អះអាងថា នឹងនៅតែបន្តតាមដានស្ថានការណ៍ជម្ងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024