ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជាកំពុងសិក្សាមុខទំនិញប្រមាណ ៥០ មុខ ដើម្បីរៀបចំជាយុទ្ធសាស្រ្តពាណិជ្ជកម្មក្នុងការចាប់យកទីផ្សារចិន

១២ មករា ២០២១ | សេដ្ឋកិច្ច

កម្ពុជាកំពុងសិក្សាមុខទំនិញប្រមាណ ៥០ មុខដើម្បីរៀបចំជាយុទ្ធសាស្រ្តពាណិជ្ជកម្មក្នុងការចាប់យកទីផ្សារចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន ព្រមទាំងពីដៃគូពាណិជ្ជកម្មធំៗនៅលើពិភពលោក។

 

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៦ស្តីពីការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងសេរីថ្មីៗនេះ។

 


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច(Matrix)ដោយរាយមុខទំនិញចំនួន ៥០មុខ ដើម្បីសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ដែលជាគំរូសម្រាប់ធ្វើការសិក្សា។

 


ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា  ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនឱ្យបានជាអតិបរមា ព្រមទាំងជាមួយបណ្តាប្រទេសមួយចំនួនជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។

 

 

ហើយក្នុងពេលជាមួយនេះក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មកំពុងសិក្សាពីទីផ្សារប្រទេសចិនថា ត្រូវស្រូបបានទំនិញប្រភេទណា និងទីផ្សារពិភពលោកនឹងមានតម្រូវការដែរឬទេ។

 


ឯកឧត្តមថ្លែងថា កម្ពុជាមានទំនិញកសិកម្មសំខាន់ៗរួមមាន បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ សត្វរស់ និងសាច់សត្វ ជាដើម ដែលសុទ្ធតែជាមុខសញ្ញាសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រោះមុខទំនិញទាំងនេះទទួលបានអត្រាពន្ធសូន្យតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។

 


សូមជម្រាបថា កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយគ្នាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដែលនឹងអនុញ្ញាតឱ្យកម្ពុជានាំទំនិញមួយចំនួនទៅប្រទេសចិនដោយមានអត្រាពន្ធសូន្យភាគរយ។

 


យោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល កាលពីចុងខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២០ មានចំនួន ៣២ពាន់លានដុល្លារ ដោយក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រហែល១៦ពាន់លានដុល្លារ៕
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024