ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកចិញ្ចឹមសត្វខ្នាតតូចតាច គួរតែចូលជាសមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា 

២២ មករា ២០២១ | ព័ត៌មានជាតិ

ការចងក្រងគ្នា ជាក្រុម គឺជាចំណុចសំខាន់បំផុតមួយ សម្រាប់វិស័យចិញ្ចឹមសត្វ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា កសិករចិញ្ចឹមសត្វគ្រប់ប្រភេទ មិនថា ខ្នាតធំ ខ្នាតតូច ឬជាលក្ខណៈគ្រួសារឡើយ សុទ្ធតែអាច និងគួរតែចូលជាសមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ ការចូលជាសមាជិកភាពនេះ ធ្វើឡើងដោយឥតចំណាយថវិកា ហើយលក្ខន្តិកៈក៏មិនលំបាកឡើយ។

 


កសិករ ដែលជាអ្នកចិញ្ចឹមសត្វ ទោះជាចិញ្ចឹម ជ្រូក មាន់ ទា គោ ពពែ ត្រី បង្កប កង្កែប ពោលគឺទោះជាចិញ្ចឹមសត្វអ្វីក៏ដោយ ទោះជាចិញ្ចឹមខ្នាតធំ ខ្នាតមធ្យម ខ្នាតតូច ឬ ចិញ្ចឹមជាលក្ខណៈគ្រួសារ ក្តី ក៏សុទ្ធតែអាច និង គួរតែចូលជាសមាជិក នៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ហើយការចូលជាសមាជិក នៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គឺគ្មានចំណាយថវិកាឡើយ គឺមានតែចំណេញ ហើយចំណេញយ៉ាងច្រើនទៀតផង ដូចជាបច្ចេកទេស និង ការជ្រើសរើសពូជ ការប្រឹក្សាយោបល់ ជាពិសេស កិច្ចអន្តរាគន៍ពេលសត្វមានជំងឺ និង ពេលមានបញ្ហាទីផ្សារ ជាដើម ។ នេះគឺជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ។

 


លោក ស្រ៊ុន ពៅ បញ្ជាក់ម្តងហើយម្តងទៀតថា ការចងក្រងគ្នាជាក្រុមរបស់កិសករចិញ្ចឹមសត្វ ដូចជាកាចូលជាសមាជិក នៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាដើម គឺជាគន្លឹះ ឬ ជាកត្តាស្លាប់រស់ នៃ វិស័យចិញ្ចឹមសត្វនៅកម្ពុជា សម្រាប់ឆ្នាំ ២០២១ នេះ ។ ជាកត្តាស្លាប់រស់ដោយសារហេតុផលជាច្រើន ដូចជាការចែករំលែកព័ត៌មានទីផ្សារ ដើម្បី ចៀសវាងការចិញ្ចឹមសត្វប្រភេទដូចគ្នាច្រើនពេកលើសពីតម្រូវការទីផ្សារ ជាហេតុធ្វើឱ្យសត្វធ្លាក់ថ្លៃ ដែលប្រការនេះ កន្លងមកគឺជាកត្តាដ៏សំខាន់បំផុតមួយបណ្តាលឱ្យកសិករខាតចុងខាតដើម រហូតខ្ស័យធន និង ជំពាក់បំណុលគេ ។ ផ្ទុយទៅវិញ សត្វប្រភេទខ្លះ បែរជាខ្វះ ឬ មិនអាចផ្គត់ផ្គង់តម្រូវការ ដែលចាំបាច់ត្រូវតែនាំចូលពីក្រៅប្រទេសមកវិញ ។ ទាំងនេះគឺជាលទ្ធផល នៃ ការមិនបានចែករំលែកព័ត៌មានទីផ្សារ ហើយការណ៍ដែលមិនបានចែករំលែកព័ត៌មានទីផ្សារនេះ គឺដោយសារតែកសិករមិនបានចងក្រងគ្នាជាក្រុម ដូចជាមិនបានចូលជាសមាជិក នៃ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាដើម ។

 


ព័ត៌មានបន្ថែមអាចចូលទៅគេទំព័ររបស់សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ឬ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៥៨ ៧៧ ៦៧ ។ សូមជម្រាបជូនម្តងទៀត ទូរស័ព្ទលេខ   ០១២ ៥៨ ៧៧ ៦៧ ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024