ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ចបានអះអាងថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន 

០២ ធ្នូ ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន និងនៅតែរក្សាបានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថានភាពបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងពីការរីករាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានគូសបញ្ជាក់ថា នៅត្រីមាសទី៣ ឆ្នាំ២០២០នេះ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន និងនៅតែរក្សាបានលទ្ធផលល្អប្រសើរ បើទោះបីស្ថានភាពបច្ចុប្បន្នកំពុងទទួលរងការគំរាមកំហែងពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ។


ឯកឧត្តមបញ្ជាក់ថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងត្រីមាសទី៣នេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រង់ថា ការប្រមូលចំណូលមានការថមថយ ប៉ុន្តែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ជាក់ស្តែងការអនុវត្តចំណូលក្នុងស្រុកដែល រួមមានចំណូលចរន្ត និង ចំណូលមូលធន សម្រេចបាន ៦៣% ធៀបនឹងច្បាប់ ដែលមានទំហំទឹកប្រាក់ប្រមាណ ១៦ ៤៥៤ ប៊ីលានរៀល។


ចំណែកការចំណាយក្នុងរយៈពេល៩ខែមកនេះ ស្ថិតក្នុងកម្រិតល្អប្រសើរបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ បើទោះបីជាឆ្នាំនេះមានការធ្វើវិចារណកម្មថវិកាចំនួន២លើកក៏ដោយ ជាក់ស្តែងចំណាយថវិកាជាតិសម្រេចបាន៥៦% គិតត្រឹមត្រីមាសទី៣។

 


ជារួម ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគិតមកត្រឹមត្រីមាសទី៣នេះ គឺបន្តមានចលនការទៅមុខតាមយន្តការប្រយ័ត្នប្រយែងនិងវិធានការនវានុវត្តន៍ថ្មី។

 


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានក្រើនរំលឹកថា ក្នុងកាលៈទេសៈនេះ គឺបង្កឱ្យគ្រប់អង្គភាព ក្រសួងស្ថាប័ន សម្របខ្លួនទៅនឹងវិបត្តិ និងប្រើប្រាស់នូវគំនិតច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតមាន ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់បំផុត។

 

 

ឯកឧត្តម បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕
 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024