ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ទំហំឥណទានវិស័យធនាគារ និងហិរញ្ញវត្ថុនៅឆ្នាំ ២០២០ នៅតែបង្ហាញពីកំណើនល្អ

២៦ មករា ២០២១ | សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការផ្តល់ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅឆ្នាំ២០២០ មានកំណើនល្អរៀងគ្នា ដោយក្នុងនោះឥណទាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនជាង ១២ ភាគរយ ខណៈឥណទាននៅក្នុងវិស័យធនាគារកើនជាង ១៥ភាគរយ។


យោងតាមរបាយការណ៍ធនាគារជាតិដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ក្នុងឆ្នាំ២០២០ ទំហំឥណទាននៅក្នុងវិស័យធនាគារមានការកើនឡើងប្រមាណជាង១៥ភាគរយ ជាមួយនឹងទឹកប្រាក់ជាង ៣០ពាន់លានដុល្លារ ដោយមានជាង ១លានគណនី ខណៈឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនជាង១២ ភាគរយ ដែលមានទឹកប្រាក់ជិត ៧ពាន់លានដុល្លារអាមេរិក ដោយមានអតិថិជនអ្នកប្រើប្រាស់ជិត ២លានគណនី។


ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅតែមានភាពរឹងមាំ និងបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃ វិបត្តិមកលើអាជីវកម្ម និងប្រជាជនក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

 


គិតមកដល់ត្រឹមបំណាច់ឆ្នាំ២០២០ ទ្រព្យសកម្មនៅក្នុងវិស័យធនាគារបានកើនជាង ១៦ភាគរយ ជាមួយនឹងទឹកប្រាក់សរុបជាង ៥០ពាន់លានដុល្លារអាមេរិក ខណៈទ្រព្យសកម្មនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនជាង ១២ ភាគរយ ដែលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក។

 


ប៉ុន្តែយ៉ាងណាបើតាម ការបញ្ជាក់របស់ឯកឧត្តម ទេសាភិបាលធនាគារជាតិ បញ្ហាកូវីដ១៩បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ បានទទួលរងការធ្លាក់ចុះអវិជ្ជមានជាលើកដំបូង ក្នុងរយ:ពេលជាង២ទសវត្សរ៍ចុងក្រោយ ដែលជាចម្បងដោយសារ ការធ្លាក់ចុះវិស័យទេសចរណ៍ ការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់។

 


ឯកឧត្តមទេសសាភិបាលបានបន្ថែមថា ទោះយ៉ាងណាកម្ពុជានៅតែអាចសម្រេចបាន នូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ហើយទុនបម្រុងអន្តរជាតិ ត្រូវបានគរពូនជាលំដាប់ ជាង ២១ ពាន់លានដុល្លារអាមេរិកពោលគឺខ្ពស់ជាងកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៣ខែ។

 


ជាទិសដៅ ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍប្រព័ន្ធធនាគារឱ្យកាន់តែទំនើប ប្រកបដោយបរិយាបន្ននិងភាពទុកចិត្តខ្ពស់ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងនៅតែបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលស្តារកំណើនសេដ្ឋកិច្ចឡើងវិញ៕
 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024