ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

នៅគ្រាជួបវិបត្តិកូវីដ-១៩ ធនាគារធំៗនៅវៀតណាម បន្ដកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន

០៧ ធ្នូ ២០២០ | សេដ្ឋកិច្ច

ដោយសារតែមេរោគរាតត្បាតកូវីដ-១៩ កំពុងបន្ដវាយប្រហារ និងបានកំពុងទាញទម្លាក់កំណើនឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសវៀតណាមនោះ គេសង្កេតឃើញថា ធនាគារធំៗជាច្រើនបានសម្រេចបន្តកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន។

 

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។



ធនាគាររដ្ឋធំៗរបស់វៀតណាម ដូចជា BIDV, Agribank និងVietinBank នៅសប្ដាហ៍នេះ បានកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជនរយៈពេល ១២ខែ ដោយកាត់បន្ថយ០,២ ពិន្ទុភាគរយ មកនៅត្រឹមអត្រាការប្រាក់បញ្ញើ៥,៦%។


ធនាគាររដ្ឋធំមួយទៀត ដូចជា Vietcombank បានរក្សាអត្រាការប្រាក់បញ្ញើរយៈពេល១២ខែ នៅ៥,៨% ដដែល ប៉ុន្ដែ ធនាគារនេះ បានកាត់បន្ថយអត្រាការប្រាក់បញ្ញើរយៈពេល២៤ខែ និង៣៦ខែ ដោយកាត់០,២ពិន្ទុភាគរយ ពោលគឺមកនូវ អត្រាការប្រាក់៥,៧% សម្រាប់ប្រាក់បញ្ញើរយៈពេល២៤ខែ និង៥,៤% សម្រាប់ប្រាក់បញ្ញើរយៈពេល៣៦ខែ។


ធនាគារឯកជនធំៗផ្សេងទៀត ដូចជា Techcombank ក៏បានកាត់បន្ថយអត្រាការប្រាក់បញ្ញើរយៈពេល ១២ខែ ប្រមាណ ០,៤ ពិន្ទុភាគរយផងដែរ មកនូវត្រឹមអត្រាការប្រាក់ ៤,៥% ទៅ៥% អាស្រ័យលើទំហំនៃប្រាក់បញ្ញើរបស់អតិថិជន។


ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា កំណើនឥណទានរបស់ធនាគារ ក្នុងរយៈពេល៩ខែដំបូងនៅឆ្នាំ២០២០នេះ គឺមានត្រឹមតែ៥,១២% ប៉ុណ្ណោះ ដែលវាគឺមានទាបជាងតួលេខដែលធ្លាប់មានកំណើន២ខ្ទង់នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ។

 


នៅក្នុងខែសីហា ធនាគាររដ្ឋនៃប្រទេសវៀតណាម បានកែប្រែគោលដៅកំណើនឥណទានរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ពី១៤% មកនៅត្រឹម ១០,១% ប៉ុណ្ណោះ។ ធនាគារនេះក៏បានកាត់គោលនយោបាយអត្រាការប្រាក់ ៤ដងមកហើយ គិតមកទល់នឹងឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ច៕
 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024