ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលគ្រោងថវិកាជិត ៦៩០ លានដុល្លារសម្រាប់ការបន្ដត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់កូវីដ-១៩ 

២៦ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២១ខាងមុននេះ បានគ្រោងថវិកាសម្រាប់ការបន្ដត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់ការសង្គ្រោះដល់ជនក្រីក្រ កម្មករនិយោជិតដែលត្រូវព្យួរការងារ ក៏ដូចជាការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាដើម ដោយសរុបទឹកប្រាក់ដែលគ្រោងទុកនោះ មានប្រមាណជិត ៦៩០ លានដុល្លារអាមេរិក។

 

នេះបើយោងតាមខ្លឹមសារសង្ខេប ស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។



សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភាអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គកាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ ដោយការអនុម័តនេះ ធ្វើឡើងជាឯកច្ឆ័ន្ទ ដោយអ្នកក្រុមអ្នកតំណាងរាស្ត្រចំនួន ១១៦សំឡេង។


យោងតាមខ្លឹមសារនៅក្នុងសេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ថវិកាប្រមាណជិត ៦៩០ លានដុល្លារអាមេរិក ដែលនឹងត្រូវត្រៀមប្រើប្រាស់អន្តរគមន៍ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩នោះ រួមមាន
ទី១, កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក។


ទី២, កម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យួរកិច្ចសន្យាការងារ ត្រូវបានគ្រោងថវិកាប្រមាណ ៥៩លានដុល្លារអាមេរិក។


ទី៣, គម្រោងសាច់ប្រាក់ពលកម្ម ត្រូវបានគ្រោងទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ សម្រាប់ស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅជនបទ ដូចជាប្រឡាយជើងក្អែប ស្រះទឹក អណ្ដូង និងបង្គន់អនាម័យនៅតាមសាលារៀនជាដើម។


ទី៤, មូលនិធិ ត្រៀមបម្រុងសម្រាប់គាំទ្រដល់សេដ្ឋកិច្ច/សហគ្រាសធុនតូច និងមធ្យម ប្រមាណ២៧០លានដុល្លារអាមេរិក។

 


លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនិយោបាយ បានបញ្ជាក់ថា ចំនួនថវិកាសម្រាប់អន្តរាគមន៍ផលប៉ះពាល់ពីកូវីដ-១៩ ជិត ៧០០ លានដុល្លារនេះ អាចនិយាយបានថាជាចំនួនច្រើនគួរសមហើយ បើធៀបនឹងចំនួនថវិកាជាតិ ដែលប្រមូលបាន ដោយសារតែចំណូលពន្ធនៅឆ្នាំក្រោយនេះ ទំនងជាមិនអាចរកបានច្រើនដូចមុនៗនោះទេ។

 

លោក ច័ន្ទ សុផល បន្ថែមថា ការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានការ៦ជុំកន្លងមកនេះ ឃើញថា ក៏បានជួយបានច្រើនដែរពិសេសដល់អ្នកក្រីក្រ ក៏ដូចជាកម្មករនិយោជិតដែលបាត់បង់ការងារ ដើម្បីកុំឲ្យជីវភាពពួកគាត់ជួបបញ្ហាទីទាល់ក្រខ្លាំង។

 

 

ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ចរូបនេះ បានកត់សម្គាល់ដែរថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើច្រើនហើយដែរ ទាក់ទងនឹងការសម្រួលបរិយាកាសធុរកិច្ច ហើយលោកក៏សង្ឃឹមថា រាជរដ្ឋាភិបាលនឹងបន្ដការងារនេះ រួមមជាមួយនឹងការផ្ដល់ឥណទានអនុគ្រោះការប្រាក់ទាបដល់វិស័យកសិកម្ម ដូចជាការដាំដុះបន្លែ និងចិញ្ចឹមសត្វជាដើម ។

 

 

លើសពីនេះ បើសិនរាជរដ្ឋាភិបាលខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅជនបទបន្ថែមទៀត ដើម្បីជំរុញដល់កំណើនវិស័យទេសចរណ៍បែបធម្មជាតិ ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនផ្សេងៗទៀតនោះ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងវិញបានកាន់តែប្រសើរឡើងថែមទៀត។

 


បើតាមលោក ច័ន្ទ សុផល សម្រាប់ឆ្នាំ២០២១ ខាងមុខ សេដ្ឋកិច្ចរបស់កម្ពុជានឹងមិនអាចងើបឡើងបានល្អគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែវិស័យទេសចរណ៍ រំពឹងថា នឹងមិនអាចវិលមករកភាពល្អប្រសើរវិញនោះឡើយ ដ្បិតថា នៅរដូវរងារនេះ នៅតំបន់អឺរ៉ុប និងអាមេរិក នៅតែបន្ដមានករណីឆ្លងកូវីដ-១៩ ហើយបើទោះបីជា មានព័ត៌មានពីការរកឃើញវ៉ាក់សាំងក៏ដោយ ក៏មនុស្សភាគច្រើនមិនទាន់អាចមានលទ្ធភាពទទួលបានវ៉ាក់សាំងនោះនៅឡើយ ហើយពួកគេអាចនៅតែមានភាពភ័យខ្លាចក្នុងការចេញធ្វើដំណើរកម្សាន្ដ ខណៈការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេសនីមួយៗក៏អាចនឹងនៅតែមានផងដែរ៕

 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024