ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្តៅស្លឹកត្រចៀក! ស្វែង សុជាតា ប្រកាសក្តែងៗហៅខាងផលិតកម្មឲ្យចូលខ្លួនដោះស្រាយរឿងមើលងាយពេលវេលា

០៤ ​វិច្ឆិកា ២០២០ | កម្សាន្ដ

ជារឿងដ៏ក្ដៅគគុកមួយទៀតហើយក្នុងសង្គមសិល្បៈកម្ពុជា ដោយតារាសម្ដែងជួរមុខ អ្នកនាង ស្វែង សុជាតា ថ្មីៗនេះបានចេញមុខព្រលះចំៗទៅផលិតកម្មមួយឲ្យចូលខ្លួនមកដោះស្រាយរឿងមើលងាយពេលវេលារបស់ខ្លួន។

 


មិនមែនជារឿងថ្មីដែលកើតមានក្នុងសង្គមសិល្បៈនោះទេ ដែលតារាសម្តែងកើតមានបញ្ហាទំនាស់ជាមួយខាងផលិតកម្ម ដោយសារបញ្ហារឿងលុយកាក់ ឬការមិនគោរពពេលវេលានៃការថត ដែលពេលខ្លះកើតឡើងពីភាគីខាងតួ ខ្លះទៀតកើតឡើងដោយសារខាងផលិតកម្ម។

 


តួយ៉ាង ថ្មីៗនេះរឿងរ៉ាវដដែរនេះបានកំពុងកើតឡើងច្រំដែលចំពោះសង្គមសិល្បៈម្តងទៀតហើយ ដោយថ្មីៗនេះ គេទើបឃើញតារាសម្តែងជួរមុខល្បីល្បាញក្នុងរឿងហូលីវូដជាច្រើន អ្នកនាង ស្វែង សុជាតា បង្ហោះសារជាសាធារណៈមួយលើបណ្តាញសង្គម ប្រកាសយ៉ាងក្តែងៗ ហៅឲ្យផលិតកម្មមួយចូលខ្លួនដោះស្រាយរឿងមើលងាយពេលវេលារបស់ខ្លួន។

 


ស្វែង សុជាតា សរសេររៀបរាប់ថា៖ «ថ្ងៃនេះអត់ទាន់និយាយទេ ផលិតកម្មមួយដែលខ្វះភាពទទួលខុសត្រូវខ្ញុំទុកពេលអោយ៤៨ម៉ោងដោះស្រាយជាមួយខ្ញុំហើយត្រូវលើកទូរសព្ទ័ខ្ញុំ ចចារជាមួយខ្ញុំក្នុងករណីដែលអ្នកធ្វើការ ខ្ជីខ្ជា យកពេលវេលារបស់ខ្ញុំមកលេងសើច អ្នកបំផ្លាញលុយរបស់ខ្ញុំដែលអ្នកធ្វើការអត់ច្បាស់លាស់ ។» 


តារាជំនាញសម្ដែងតួឆ្នាស់ឆ្នើមរូបនេះបន្តថា «បើមិនលើកអ្នកស្រីនឹងត្រូវខ្ញុំសូមបញ្ចេញឈ្មោះហើយ អោយបងប្រុសអ្នកហៅតួនោះលើកទូរសព្ទ័ខ្ញុំរឺតេមកខ្ញុំជាកំហិត ព្រោះជាកំហុសរបស់ផលិតកម្មទាំងស្រុង។

 

បើពុំនោះទេខ្ញុំមិនសសេរទៀតទេ គឺនិយាយដោយមាត់តែម្តង សូមជំរាបកុំមើលងាយពេលវេលារបស់ខ្ញុំអោយសោះ ព្រោះ៣ថ្ងៃអ្នកប្លុកខ្ញុំ ក៏ផលិតកម្មគេផ្សេងហៅដែរ ចឹងមាននយ័អ្នកត្រូវសងលុយខ្ញុំ អោយគ្រប់ចំនួន ដែលអ្នកប្លុកខ្ញុំ។»


បន្ថែមពីការរៀបរាប់ខាងលើ ស្វែង សុជាតា ក៏បានរៀបរាប់ឲ្យដឹងពីទម្លាប់ការងាររបស់នាងនាពេលកន្លងទៅឲ្យដឹងផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចេញសារយ៉ាងក្ដៅគគុកនេះហើយ គេនៅមិនទាន់ឃើញភាគីខាងម្ចាស់ផលិតកម្មចេញមុខមកតតាំងនៅឡើយទេ។


សូមជម្រាបថា ស្វែង សុជាតា ជាតារាសម្តែងដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពម្នាក់ក្នុងចំណោមតារាសម្តែងរួមជំនាន់។ ត្បិតធ្លាប់មានបញ្ហា និងរឿងរ៉ាវជីវិតឯកជនបាក់បែកប្រះឆា ប៉ះទង្គិចដល់ការងារសិល្បៈកាលពេលកន្លងទៅក៏ពិតមែន តែតារាសម្តែងរូបនេះនៅតែអាចងើបឈរលើវិថីសិល្បៈវិញបាន។

 

ប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង ស្វែង សុជាតា ល្បីល្បាញខ្លាំងទាំងរឿងដុំ និងរឿងភាគទូរទស្សន៍ មិនតែប៉ុណ្ណោះ តារាសម្តែងរូបនេះថែមទាំងល្បីល្បាញក្នុងរឿងហូលីវូដច្រើនរឿងទៀតផង។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ភីអិនអិន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024