ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

ស្វែង សុជាតា ចង់ឱ្យផលិតករខ្មែរ ចេះប្រើពាក្យពេចន៍ដូចផលិតករបរទេស

១៤ កញ្ញា ២០១៧ | កម្សាន្ដ

តារា​សម្ដែង​អ្នក​នាង ស្វែង សុជាតា ចង់​ឱ្យ​ផលិតករ​ខ្មែរ​មួយ​ចំនួន​ ចេះ​ប្រើ​ពាក្យពេចន៍ ​ឱ្យ​បាន​ល្អ​ ដូច​ផលិតករ​បរទេស ដោយ​មិន​ត្រូវ​ប្រើ​អារម្មណ៍​ឆេវឆាវ​នោះ​ទេ ដែល​ជា​ហេតុធ្វើ​ឱ្យ​តារា​សម្ដែង​ខ្លះ​បាក់​ទឹក​ចិត្ត​សម្ដែង​សាច់​រឿង​មិន​បាន​ល្អ។ អ្នក​នាង​​លើក​ឡើង​ដូច្នេះ​ បន្ទាប់​ពី​ធ្លាប់​ជួប​ប្រទះ​អ្នក​ដឹក​នាំ​រឿង​ខ្មែរ​មួយ​ចំនួន បាន​ប្រើ​ប្រាស់​កំហឹង នៅ​ពេល​តារា​ណា​ម្នាក់​សម្ដែង មិន​ត្រូវ​តាម​អ្វី​ដែល​ពួកគេចង់​បាន។

 

 

 

អ្នក​នាង​លើក​ឡើង​ថា ផលិតករ​បរទេស​ខ្លះ​ ដែល​អ្នក​នាង​​ធ្លាប់​ជួប​ប្រទះ​ដូច​ជា​អ្នក​ស្រី Angelina Jolie ជា​ដើម គឺ​បាន​ប្រើ​ពាក្យពេចន៍​លួងលោម និង​ផ្អែម​ល្ហែម ដើម្បី​ឱ្យ​តារាៗ​សម្ដែង​រឿង​របស់​គេ​បាន​ល្អ។ ម្យ៉ាង​ទៀត​ ទោះ​ជា​តារា​ណា​ម្នាក់​សម្ដែង​មិន​ត្រូវ​សាច់​រឿង​អស់​ជា​ច្រើនម៉ោង ឬ​ស្ទើរពេញ​មួយ​ថ្ងៃ មិន​ត្រូវ​សាច់​រឿង​ក្ដី ​ក៏​ផលិតករ​ទាំង​នេះមិន​ថា​អ្វី​នោះ​ទេ គឺ​ពួកគេ​នៅ​តែ​លើក​ទឹកចិត្ត រហូត​ដល់​តារា​ទាំង​នោះ​សម្ដែង​ត្រូវ​តាម​សាច់​រឿង។

 

 

អ្នក​នាង ស្វែង សុជាតា បន្ថែម​ថា ការ​បញ្ជាក់​ដូច្នេះ​មិនមែន​អ្នក​នាង​ចង់​ផ្ដល់​តម្លៃ​ខ្លាំង​ដល់​ផលិតករ​បរទេស ហើយ​បន្ទោសបង្អាប់​ផលិតករ​ក្នុង​ស្រុក​នោះ​ទេ។ អ្នក​នាង​គ្រាន់​តែ​ចង់​ឱ្យ​ផលិតករ​ខ្មែរ​ខ្លះ រៀនសូត្រ​តាម​​គេ​ ហើយ​ចេះ​ប្រើ​ពាក្យពេចន៍​ឱ្យ​បាន​ល្អ​ជាង​មុន​ជា​មួយ​តារាៗ​ខ្មែរ ដើម្បី​ឱ្យ​ពួកគេ​អាច​សម្ដែង​សាច់​រឿង​បាន​​ ល្អ។

 

 

អ្នក​នាង ស្វែង សុជាតា បញ្ជាក់​ថា​ប្រសិន​បើ​តារា​សម្ដែង និង​ផលិតករ​អាច​អធ្យាស្រ័យ​យោគយល់​គ្នា​កាន់​តែ​ខ្ពស់ នោះ​ប្រាកដ​ណាស់​ថា ភាពយន្ត​នីមួយៗ​នឹង​ផលិត​បាន​ល្អ ហើយ​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024