ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

រោងចក្រចំនួន ៥៤ ទីតាំង ក្នុងចំណោម ៧៩រោងចក្រ ដែលបិទទ្វារដោយសារទឹកជំនន់ នៅថ្ងៃនេះ បានបើកដំណើរការឡើងវិញ

២០ តុលា ២០២០ | ព័ត៌មានជាតិ

មានរោងចក្រចំនួន ៥៤ទីតាំង ក្នុងចំណោម ៧៩រោងចក្រ ដែលបានផ្អាកសង្វាក់ផលិតកម្ម ដោយសាររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បានចាប់ផ្ដើមបើកដំណើរការវិញហើយ នៅថ្ងៃច័ន្ទនេះ។ គប្បីរំលឹកថា ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង លិចរោងចក្រកាត់ដេរនេះ បានជះឥទ្ធិពលដល់កម្មករនិយោជិតជាង ៤ម៉ឺននាក់។

 


បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារ ឯកឧត្ដម ហេង សួរ គិតត្រឹមថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅជាយរាជធានីភ្នំពេញ និងខេត្តកណ្ដាលបានធូស្បើយហើយ ធ្វើអោយរោងចក្រចំនួន៥៤ ដែលបានជន់លិច និងផ្អាកដំណើរការសង្វាក់ផលិតកម្មកាលពីចុងសប្ដាហ៍មុននោះ បានបើកដំណើរការឡើងវិញ។ ទោះបីជាយ៉ាងណា  នៅមានរោងចក្រសរុបចំនួន២៣ទៀត នៅបន្តរងផលប៉ះពាល់ ដោយក្នុងនោះនៅរាជធានីភ្នំពេញចំនួន២២រោងចក្រ និងខេត្តកណ្ដាល១រោចក្រ ខណៈកម្មករនយោជិតដែលកម្មករនយោជិតនៅរងផលប៉ះពាល់ប្រមាណ១ម៉ឺន៧ពាន់នាក់។

 


អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំង៧៩ទីតាំងដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងកាលពីចុងសប្ដាហ៍មុនទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ បានធ្វើអោយប៉ះពាល់ដល់កម្មករប្រមាណជា៤ម៉ឺននាក់។


តាមការអង្កេតរបស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅរាជធានីភ្នំពេញភាគច្រើនរោងចក្រដែលប្រឈមនឹងជំនន់ទឹកភ្លៀងស្ថិតនៅម្ដុំចោមចៅ និងសួនឧស្សាហកម្មកាណាឌីយ៉ា។ បើតាមប្រភពដដែល លោកបានទទួលដំណឹងពីកម្មករថា ពួកគេភាគច្រើនបានចូលធ្វើការវិញហើយ បន្ទាប់ពីរោងចក្របានរៀបចំរួចរាល់ឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

 


សូមជម្រាបជូនថា ដើម្បីបញ្ចៀសហានីភ័យការងារ និងការបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ក្រសួងការងារនៅថ្ងៃទី១៥តុលា បានណែនាំដល់ម្ចាស់រោងចក្រត្រូវតាមដានការព្យាករណ៍ឧតុនិយម សម្រាប់ត្រៀមជម្លៀសកម្មករ នៅពេលមានលិចទឹក។ ត្រូវយកចិត្តទុកដាក់ចំពោះប្រព័ន្ធអគ្គិសនី និងកន្លែងទុកសារធាតុគីមីជាដើម។ រីឯកម្មករនិយោជិត ត្រូវគោរពតាមការណែនាំរបស់រោងចក្រហើយប្រយ័ត្នដោយខ្លួនឯងចៀសវាងការនៅជិតប្រព័ន្ធអគ្គិសនី។ នេះបើតាមសេចក្ដីក្រើនរំឮករបស់ក្រសួងការងារ៕

អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024