ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ប្រជាជន កើនឡើងជាង ៤៨ម៉ឺននាក់ និងអ្នកស្លាប់ កើនដល់ ៣៩នាក់

២៦ តុលា ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ប្រជាជន កើនឡើងជាង ៤៨ម៉ឺននាក់ និងអ្នកស្លាប់ កើនដល់ ៣៩នាក់។


របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា មកដល់ថ្ងៃទី២២ ខែតុលា ជំនន់ទឹកភ្លៀង បានបន្តកើតឡើង នៅ ១១០ ក្រុងស្រុកខណ្ឌ ក្នុង ១៩រាជធានីខេត្ត រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។

 


របាយការណ៍បន្ថែមថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណ ១២០ ៧៨៥គ្រួសារ ស្មើប្រមាណ ៤៨៣ ១៤០ នាក់។ ក្នុងនោះ ប្រជាជនជម្លៀស មានប្រមាណ ១១ ៥៥៤ គ្រួសារ ស្មើប្រមាណ ៤៦ ២១៦ នាក់។ ប្រជាជនស្លាប់ ៣៩នាក់ ដោយកាលពីថ្ងៃទី២២ ខែតុលា ចំនួនអ្នកស្លាប់ បានកើតឡើង នៅខេត្តបន្ទាយមានជ័យ ចំនួន ៣នាក់។ រីឯផ្ទះលិចទឹក មាន ១១១ ៣៥៤ ខ្នង និងខូចខាត ៦៣ខ្នង។ សាលារៀនលិចទឹក ៧០៧ កន្លែង។ ស្រូវលិចទឹក ប្រមាណ ២៣២ ៥៥១ ហិកតា និងដំណាំរួមផ្សំ លិចទឹក ៨៣ ៩១៨ ហិកតា។

 


ជំនន់ទឹកភ្លៀង ក៏បានធ្វើឲ្យផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥ គ.ម និងផ្លូវលំជនបទ លិចទឹកប្រមាណ ១ ៦៦៥ គ.ម៕

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024