ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

រ៉ូបូតរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្លាយជាជើងឯករ៉ូបូតថ្នាក់ជាតិឆ្នាំ២០២០

០៦ តុលា ២០២០ | ព័ត៌មានជាតិ

រ៉ូបូត របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាជើងឯករ៉ូបូតថ្នាក់ជាតិលើកទី៧ ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយរ៉ូបូតចំនួន៩ក្រុមផ្សេងទៀត ដែលមកពីចំនួន៦ វិទ្យាស្ថាននិងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ក្រោយទទួលជ័យលាភីជើងឯក រ៉ូបូត របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានឹងតំណាងកម្ពុជាចូលរួមក្នុងកម្មវិធីរ៉ូបូតអន្តរជាតិ ABU Robocon Festival 2020 នាចុងឆ្នាំនេះ។

 


ស្របពេលដែលបានក្លាយជាជើងឯករ៉ូបូត ក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២០ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងត្រូវមានភារកិច្ចកែសម្រួលរ៉ូបូតរបស់ខ្លួនអោយកាន់តែមាន សមត្ថភាពបច្ចេកទេសល្អ ដើម្បីតំណាងកម្ពុជាទៅចូលរួមក្នុងកម្មវិធីរ៉ូបូតអន្តរជាតិ ABU Robocon Festival 2020 នាចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់ លោក មួង ផាស៊ី នាយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ 

 


ឯកឧត្តម ប៉ាង ណាត អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា និងជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ បានបញ្ជាក់ថា ការប្រកួតរ៉ូបូតថ្នាក់ជាតិនេះ ក៏រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាស ដល់និស្សិតក្នុងការបញ្ចេញសមត្ថភាពលើការយកទ្រឹស្តីដែលខ្លួនបានរៀននៅសាលាមកអនុវត្តន៍ជាក់ស្តែង ដើម្បីសម្រួចសមត្ថភាព និងបង្កើតធនធានមនុសុ្សលើវិស័យរ៉ូបូត ដែលអាចត្រូវការយ៉ាង សំខាន់លើវិស័យផ្សេងៗនៅកម្ពុជានាថ្ងៃអនាគត។

 


សូមជម្រាបថា ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២០នេះ មានការចូលរួមពីសំណាក់ក្រុមចំនួន១០ ដែលមានបេក្ខជន៨២នាក់ មកពីចំនួន៦ វិទ្យាស្ថាននិងសាកលវិទ្យាល័យ រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

 


កម្មវិធីប្រកួតប្រជែងរ៉ូបូតនេះតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយសម្រាប់ឆ្នាំ២០២០នេះ គឺជាលើកទី៧ ដែលបានរៀបចំនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយប្រកួតប្រជែងគ្នា ក្រោមវិញ្ញាសា «រ៉ូបូតបាល់ឱប» ៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ជួប សុខរិទ្ធីបញ្ញា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024