ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ថា កម្ពុជា នឹងមានប្រព័ន្ធអ៊ិនធឺណិតប្រើប្រាស់ ១០០% នៅឆ្នាំ២០២០

២៩ សីហា ២០១៧ | ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសកាលពីថ្ងៃទី ២៨សីហា ឆ្នាំ ២០១៧​ថា នៅឆ្នាំ២០២០ ខាងមុខ ប្រទេសកម្ពុជា នឹងមានប្រព័ន្ធអ៊ីនធឺណិត ប្រើប្រាស់ ១០០% នៅតំបន់ទីប្រជុំជន ទូទាំងប្រទេស​។ ការប្រកាសដូច្នេះ បានធ្វើឡើង​​គ្រាដែលចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេត នៅប្រទេស​កម្ពុជា​ មានកំណើន កាន់ច្រើនឡើងៗ នាពេលបច្ចុប្បន្ននេះ។

 

ឯកឧត្តម​ ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិ ស្តីពី ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ថា សព្វថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន​​​សេវាកម្ម   បច្ចេកវិទ្យាអ៊ិនធឺណេត ​ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ឱ្យកាន់តែឆាប់រហ័សទាន់ពេល សម្រាប់វិស័យទំនាក់ទំនង និងពាណិជ្ជកម្ម។ ឯកឧត្តម​ បន្ថែមថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា ជាគន្លឹះដ៏សំខាន់ ដើម្បីធានាថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវនៃការប្រើប្រាស់បច្ចេកវិទ្យាជាមួយប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។

 

 

បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេត នៅក្នុងប្រទេសកម្ពុជា​ មានរហូតដល់ ៧ លាន ២ សែននាក់ និងអ្នកកំពុង​ប្រើប្រាស់​លេខទូរស័ព្ទចល័ត មានជិត ២០លាននាក់ ឬ បន្តកើនឡើងយ៉ាងខ្លាំងបន្ថែមទៀត។

 

ចំណែកឯលោក Suresh Sidhu អគ្គនាយកក្រុមហ៊ុន edotco ដែលក្រុមហ៊ុនលំដាប់អន្តរជាតិខាងផ្នែកផ្តល់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការវិនិយោគទុក នៅតំបន់អាស៊ី ថ្លែងថា ក្រុមហ៊ុនរបស់លោក កំពុងប្រតិបត្តិការ ជាមួយដៃគូដ៏រឹងមាំ ក្នុងការជួយកសាងប្រទេសកម្ពុជាលើវិស័យ​ទូរគមនាគមន៍ តាមរយៈការភ្ជាប់ទំនាក់ទំនង រវាងភាគីសំខាន់ៗ ដែលត្រូវការចាំបាច់ ដើម្បីបង្កើនការយល់ដឹង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងរិះរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បានតំឡើងបង្គោលអង់តែន ដល់ក្រុមហ៊ុនប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តនៅកម្ពុជា បានប្រមាណ ៣៥០០ បង្គោល។

 

 

ក្រៅពីការតំឡើងបង្គោលអង់តែននៅកម្ពុជា ក្រុមហ៊ុន edotco ក៏មានផ្តល់សេវាកម្មផ្គត់ផ្គង់បង្គោលថាមពលអគ្គិសនី តភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាកម្មថែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទផងដែរ៕

 

ប្រភព៖ PNN News

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024