ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ឃីម ហ្សានីត៖ ស្នាដៃថ្មីកំពុងចាក់ផ្សាយនៅ PNN ដែលប៉ះគ្នាលើកដំបូងជាមួយស្រីស្អាត ស៊ីន យូប៊ីន នឹងធ្វើឱ្យប្រជាប្រិយភាពឡើងខ្ពស់មួយកម្រិតទៀត

២៥ កញ្ញា ២០២០ | កម្សាន្ដ

លើកដំបូងហើយសម្រាប់តារាសម្តែងរូបសង្ហារ ឃីម ហ្សានីត បានប៉ះគ្នាជាមួយស្រីស្អាត ស៊ីន យូប៊ីន នៅក្នុងរឿង« ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ដែលកំពុងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភិនអិន ។ 

 

 

ឆ្លងកាត់ការសម្តែងរាប់មិនអស់តារាសម្តែងរូបសង្ហារ ឃីម ហ្សានីត មិនធ្លាប់បានសម្តែងប៉ះគ្នាជាមួយស្រីស្អាត ស៊ីន យូប៊ីន នោះទេ  នេះជាលើកដំបូហើយដែលលោកបានប៉ះគ្នាជាមួយ យូប៊ីន ក្នុងរឿង « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ធ្វើឱ្យលោកលាន់មាត់សរសើរតារាស្រីរូបនេះមិនដាច់ពី មាត់ ។  

 

 

រឿង « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » កំពុងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ពីព្រោះរឿងនេះនិយាយពីស្នេហាក្នុង សម័យកាល ២ ផ្សេងគ្នា និងប្រជុំទៅដោយតារាថ្មីចាស់ជាច្រើន ជាពិសេសរឿងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត សូម្បីតតែអ្នកដឹកនាំរឿងក៏លាន់មាត់ថា ទំរាំថតរឿង « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ចប់ ជួបនូវការលំបាកយ៉ាងច្រើន ។

 

 

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺតួឯកប្រុសស្រីនៅក្នុងរឿងនេះសម្តែងដោយលោក ឃីម ហ្សានីត និងតារាស្រីដ៏មានប្រជាប្រិយភាព ស៊ិន យួប៊ីន អ្នកទាំងពីរប៉ះគ្នាជាលើកដំបូង ។ 


គ្រាន់តែចេញឈុតដំបូងក្នុងរឿង « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » លោក ឃីម ហ្សានីត បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងលើការសម្តែងរបស់ខ្លួន ដោយសារលោកបានបាត់មុខពីសិល្បៈជាច្រើនឆ្នាំមកហើយ ហើយការវិលត្រឡប់របស់លោកលើកនេះមិនដូចជាលើកមុនឡើយ ។

 

លោក ឃីម ហ្សានីត បានរៀបរាប់ប្រាប់ថា លោកបានអាក់ខានក្នុងការសម្តែងយូរឆ្នាំមកហើយ ក្រោយជាប់បំពេញការងារផ្ទាល់ខ្លួន តែទោះជាយ៉ាងណាក្តីលោកសង្ឃឹមថា ស្នាដៃថ្មីខ្លួននឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ជាពិសេស កញ្ញា យូប៊ីន គឺជាដៃគូសម្តែងដ៏ល្អកម្ររកបាន ។ 

 

គួររំលឹកផងដែរថា លោក ឃីម ហ្សានីត គឺជាអតីតបុរសឯកអន្តរជាតិ Mister United Contenent 2016  ក្រោយពីល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈមិនបានប៉ុន្មានផង លោកបានផ្អាកពីអាជីពនេះមួយរយៈដើម្បីទៅហ្វឹតហាត់ជំនាញប៉ូលីសជិតមួយឆ្នាំ ពេលនេះលោកកំពុងលេចមុខក្នុងការថតភាពយន្តឡើងវិញ បើទោះបីជាលោកមានភរិយានិងកូនស្រីម្នាក់រួចក្តី តែលោកនៅស្ថិតក្នុងតំណែងតួឯកដដែល ជាក់ស្តែងលោកទើបតែទទួលថតរឿងថ្មីៗជាបន្តបន្ទាប់ ៕  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024