ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

“ត្បូងភ្លោះ” ភាពយន្តសម្រិតសម្រាំងពីផលិតកម្មខ្មែរ-មេគង្គ ត្រៀមយកទៅប្រកួតប្រជែងពានអន្តរជាតិ

០៦ តុលា ២០១៧ | កម្សាន្ដ

 “ត្បូង​ភ្លោះ” ដែល​ជា​ភាពយន្ត​ខ្នាត​ធំ​ផលិត​​យ៉ាង​សម្រិត​សម្រាំង​ពី​ផលិតកម្ម ខ្មែរ-មេគង្គ ត្រៀម​នឹង​យក​ទៅ​ប្រកួតប្រជែង​ នា​មហោស្រព​ភាពយន្ត​អន្តរជាតិ នៅ​ពេល​ផលិត​ចប់​រួច​រាល់។ លោក ជុំ ចាន់​ដន ​អ្នក​ដឹក​នាំ​រឿង លើក​ឡើង​ថា ”ត្បូង​ភ្លោះ” ជា​ភាពយន្ត​មួយ​ថ្មី និង​ប្លែក​សម្រាប់​ទស្សនិកជន ដែល​ផលិតកម្ម​របស់​លោក​​ផលិត ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទាំង​គុណ​ភាព និង​ការ​សម្ដែង​របស់​តួ​អង្គនីមួយៗ។

 

 

 

បើ​ទោះ​ជា​ភាពយន្ត​នេះ​ និយាយ​ពី​របប​ខ្មែរ​ក្រហម ហើយ​រឿង​ប្រភេទ​នេះ ​មាន​អ្នក​ផលិត​​ច្រើន ​រហូត​ដល់​តារា​ហូលីវូដ Angelina Jolie ​ធ្លាប់​ផលិត​ក្ដី ប៉ុន្តែ​លោក ជុំ ចាន់​ដន នៅ​តែ​ជឿជាក់​ថា​ស្នាដៃ​​ដែល​លោក​​ដឹក​នាំ​នឹង​​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​​ច្រើន​។ ផលិតករ​រូប​នេះ​ បន្ត​ថា “ត្បូង​ភ្លោះ” ជា​ភាពយន្ត​និយាយ​ពី​បងប្អូន​ពីរ​នាក់​​រស់រាន​មាន​ជីវិត​រហូត​មក​ទល់​បច្ចុប្បន្ន ដោយ​ហែល​ឆ្លង​កាត់​ការ​លំបាក​គ្រប់​បែប​យ៉ាង។ ម្ដាយ​របស់​ពួកគេ​ បាន​ប្រគល់​ត្បូង​ពីរ​គ្រាប់​ឱ្យ​អ្នក​ទាំង​ពីរ មុន​ពេល​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់។

 

 

លោក ជុំ ចាន់ដន បន្ថែម​ថា ភាពយន្ត​នេះ​ទើប​ផលិត ​បាន​ប្រហែល ៤​ទៅ៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​គ្រោង​បញ្ចប់​ការ​ថត​​នៅ​ចុង​​ឆ្នាំ​២០១៧​នេះ។ ក្រោយ​បញ្ចប់​ការ​ថត​ ភាពយន្ត​រឿង”ត្បូង​ភ្លោះ” អាច​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ ​នា​ថ្ងៃទី ៧​ខែ​មករា ឆ្នាំ​២០១៨​ ខាង​មុខ ដែល​ជា​ថ្ងៃ​ទទួល​បាន​ជ័យ​ជន្នះ​លើ​របប​ខ្មែរ។

 

 

ក្រោយ​បញ្ចប់​ការ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​រួចរឿង”ត្បូង​ភ្លោះ” ក៏​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ PNN ដែរ មុន​ពេល​ភាពយន្ត​នេះ​ ត្រូវ​​យក​ទៅ​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​​នា​ពេល​ខាង​មុខ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024