ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

អ៊ុន សុទ្ធា សុខចិត្តកោរសក់ ដើម្បីអោយការសម្តែង រឹតតែស័ក្តិសម

០៣ ធ្នូ ២០១៦ | កម្សាន្ដ

តារាសម្តែងល្បីឈ្មោះមួយរូប គឺលោក អ៊ុន សុទ្ធា សុខចិត្តកោរសក់ ដើម្បីអោយការសម្តែងរឹតតែស័ក្តិសម និងទទួលបានចំណាប់អារម្មណ៍ កាន់តែខ្លាំងពីសំណាក់ទស្សនិកជន។ ការកោរសក់នេះ ក៏ព្រោះតែលោកទើបតែ ទទួលបានដំណែងជាតួឯកក្នុងរឿង «ភក្តីស្នេហ៍ទ្វេរភព» ដោយលោកត្រូវដើរតួជានេនទុំ ចាប់ដៃគូជាមួយកញ្ញា មឿន ផាណែត ដើរតួជានាងទាវ ហើយនេះគឺជាលើកទីមួយ ដែលពួកគេទាំងពីរនាក់បានសម្តែងរួមគ្នា។

 

 

 

បើនិយាយពីរឿង ទុំនិងទាវ ប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានដឹងរួចមកហើយ ពីស្នេហាប្តូរផ្តាច់ ស្មោះស្ម័គ្រ រហូតដល់អស់ជីវិត ដោយសារតែមានការរារាំង បំបែកបំបាក់ និងការប្រកាន់វណ្ណៈពីម្តាយនាងទាវ ក្រោមពាក្យ នំមិនធំជាងនាឡិ។ ចុះចំណែកស្នេហាទុំ និងទាវនៅក្នុងរឿង «ភក្តីស្នេហ៍ទ្វេរភព» នឹងមានអ្វីដែលប្លែក? ប្រាកដជាប្លែក! ប្លែកដោយសារតែទុំ និងទាវនៅក្នុងរឿង «ភក្តីស្នេហ៍ទ្វេរភព» អ្នកដឹកនាំរឿងបានបន្ថែមឈុតឆាកពិសេស មួយចំនួនអោយរឹតតែល្អមើល និងគួរអោយចាប់អារម្មណ៍ ដោយក្នុងនោះនឹងមានបង្ហាញពីការតស៊ូ ចំពោះស្នេហាតាំងពីសម័យបុរាណ រហូតដល់សម័យបច្ចុប្បន្ន ហើយនៅក្នុងរឿងនេះ ក៏មានលាយឡំជាមួយនឹងយុទ្ធសិល្ប៍ អាគមន៍ផ្សេងៗ ដើម្បីបំបែកបំបាក់ស្នេហារវាងពួកគេផងដែរ។

 

ចង់ដឹងថា តើការតស៊ូចំពោះស្នេហានា សម័យបច្ចុប្បន្ននេះ អ្នកទាំងពីរ នឹងជួបឧបសគ្គអ្វីខ្លះ? តើជីវិតរស់នៅរបស់ពួកគេ ខុសប្លែកគ្នាបែបណា ពីសម័យបុរាណ? បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរដ៏ល្អឥតខ្ចោះមួយនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ០៥ ខែធ្នូ រៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៨:០០-៩:០០យប់ បន្ទាប់ពីរឿង «ម្ទេសហឹរប៉ះអំបិលប្រៃ»។

 

កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា« ស្ថានីយទូរទស្សន៍ភីអិនអិន បានសហការគ្នាជាមួយផលិតកម្ម Admusic production ដើម្បីផលិតរឿង ភក្តីស្នេហ៍ទ្វេរភព នេះឡើង ដោយនៅក្នុងរឿងនេះ ៥០ភាគរយ គឺយើងយកលំនាំតាមរឿងទុំទាវ ដោយរក្សារនូវសាច់រឿងដើមទាំងស្រុង ចំណែក៥០ភាគរយទៀត ត្រូវបានបង្កើតថ្មី ដោយបញ្ចូលនូវឈុតឆាកសម័យកាលបច្ចុប្បន្នវិញ ដើម្បីអោយប្រិយមិត្តប្លែកអារម្មណ៍ និងកាន់តែទាក់ទាញ»។ កញ្ញាបានបន្ថែមថា «រឿង ភក្តីស្នេហ៍ទ្វេរភព នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជន ព្រោះតែការផលិតមានការសម្រិតសម្រាំង ដើម្បីយកនូវគុណភាពល្អ និងប្រើរយៈពេលរហូត ដល់ទៅជិតមួយឆ្នាំ។ ជាពិសេសសម្រាប់តួសម្តែងវិញសុទ្ធសឹងតែខិតខំបញ្ចេញអស់ពីសមត្ថភាព ដូចជាលោកអ៊ុន សុទ្ធាជាដើម ដែលគាត់ត្រូវលះបង់ដោយការកោរសក់ដើម្បីអោយសាច់រឿងមានភាពរស់រវើកនិងមើលទៅពិតប្រាកដ»។ សូមបញ្ជាក់ផងដែរថា ស្ថានីយទូរទស្សន៍ភីអិនអិន នឹងពង្រីកម៉ោងសម្រាប់ចាក់ផ្សាយខ្សែភាពយន្ត ភាគខ្មែរនៅក្នុងម៉ោងមាស រហូតដល់ទៅមួយម៉ោងពេញ ចាប់ពីម៉ោង ៨:០០-៩:០០យប់ ដើម្បីអោយប្រិយមិត្តបានកម្សាន្តអារម្មណ៍ និងទទួលយកនូវចំណីចក្ខុថ្មីៗពីរឿងភាគខ្មែរដែលភីអិនអិនបានផលិត។

 

ដូច្នេះសូមបន្តចូលរួមគាំទ្រ និងលើកស្ទួយវិស័យភាពយន្តភាគខ្មែរ អោយកាន់តែរីកចម្រើនបន្ថែមទៀត៕

 

 

 

ទស្សនាឈុតខ្លី៖

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024