ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តម្លៃផ្កានៅភាគនិរតីប្រទេសចិនអាចកើនឡើងនៅអំឡុងពេលឈប់សម្រាកខាងមុខ

២១ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

 

ការលក់នៅផ្សារផ្កាកំពុងហក់ឡើងខ្លាំងនៅតំបន់ភាគនិរតីប្រទេសចិន នៅអំឡុងពេលមុនបុណ្យសែនព្រះខែ និងបុណ្យជាតិរបស់ប្រទេសចិន។ នៅអំឡុងពេលនេះ ពលរដ្ឋចិនជាច្រើនរកទិញផ្កាសម្រាប់យកមកតុបតែងលំអរ និងផ្កាដាំដាក់ផើងដើម្បីអោយពិធីបុណ្យកាន់តែរស់រវើកឡើង។

 


ពិធីបុណ្យសែនព្រះខែ និងបុណ្យជាតិរបស់ប្រទេសចិន នៅឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅចំថ្ងៃតែមួយជាមួយគ្នាគឺថ្ងៃទី១ខែតុលា ហើយបុណ្យទាំង២នេះជាពិធីបុណ្យដែលពលរដ្ឋនិយមប្រើប្រាស់ផ្កាជាគ្រឿងលំអរបន្ថែម។

 

ផ្សារផ្កា Dounan Flower Market នៅទីក្រុងKunming ខេត្តYunnan ជាផ្សារលក់ផ្កាស្រស់ធំបំផុតមួយនៅក្នុងតំបន់អាស៊ី។ តម្លៃផ្កានៅផ្សារនេះនឹងធ្វើអោយតម្លៃផ្កានៅផ្សារផ្សេងទៀតនៅទូទាំងប្រទេសចិនប្រែប្រួល។

 

 

 

 

 

ពលរដ្ឋចិនម្នាក់មានជំនាញជាអ្នកតុបតែងបានរៀបរាប់ថា អំឡុងពេលនេះជាពេលវេលាមានការមហាញឹកខ្លាំងដោយសារមានពិធីជប់លៀងច្រើនដែលចាំបាច់ត្រូវរៀបចំលំអរ។ សម្រាប់ពេលវេលាឈប់សម្រាក និងអបអរដល់ពិធីបុណ្យគេឃើញថា ផ្កាកុលាបក្រហម និងផ្កាប្រើប្រាស់សម្រាប់ឱកាសពិសេសដទៃទៀត ទំនងនឹងឡើងថ្លៃក្នុងអំឡុងពេលនេះ។

 

 

តម្លៃផ្កាកុលាបជាមធ្យមប្រហែល០,៥ ទៅ០,៨យ៉ន់(ឬស្មើនិងជាង០,០៧៥ដុល្លារអាមេរិក)​ក្នុងផ្កាមួយទង ប៉ុន្តែតម្លៃនេះប្រហែលនឹងឡើងដល់ជាង១យ៉ន់ក្នុងអំឡុងពេលថ្ងៃបុណ្យជាតិរបស់ប្រទេសចិន។

 

 

 

 

 

បន្ថែមទៅលើការឡើងថ្លៃហើយ ការផ្គត់ផ្គង់ផ្កាស្រស់ក៏នឹងត្រូវកើនឡើងផងដែរ។

 

 

លោក Wang Shouhai អ្នកគ្រប់គ្រងនៅផ្សារផ្កាបានលើកឡើងថា តម្រូវការផ្កាស្រស់មានការកើនឡើងខ្លាំងនៅក្នុងទីក្រុងធំៗជាច្រើនដូចជាទីក្រុងBeijing ទីក្រុងShanghai ទីក្រុងGuangzhou និងទីក្រុងShenzhen។ ជាមួយគ្នា ផ្កាស្រស់នៅផ្សារនេះក៏មានតម្រូវការខ្ពស់ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ដូចជាប្រទេសThailand និងប្រទេស Myanmar។

 

 

 

 

 

ពិធីបុណ្យសែនព្រះខែ នៅឆ្នាំនេះត្រូវប្រារព្ធធ្វើឡើងចំថ្ងៃ១តុលា។ ថ្ងៃបុណ្យសែនព្រះខែ ពលរដ្ឋចិន ជឿជាក់ថា ព្រះច័ន្ទមានពន្លឺខ្លាំង និងរះមូលពេញទម្រង់ ស្របគ្នានឹងពេលប្រមូលផលនៅរដូវកាលពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។

 


ថ្ងៃបុណ្យជាតិរបស់ប្រទេសចិន ឬជាផ្លូវការ ទិវាជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអបអរជាប្រចាំឆ្នាំនៅថ្ងៃទី១តុលា ជាថ្ងៃឈប់សម្រាកជាសាធារណៈនៅក្នុងប្រទេសចិន ដើម្បីអបអរដល់ការបង្កើតប្រទេសចិនកាលពីនៅថ្ងៃទី១តុលាឆ្នាំ១៩៤៩។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024