ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

ខាំ ខ្លានាង ថាការយកឈ្នះលើកនេះ គឺចង់ឲ្យគ្រូបង្វឹករបស់ ហ៊ីម សេរី អស់ចិត្ត

១១ សីហា ២០២០ | កីឡា

ជើងខ្លាំងទម្ងន់៥១គីឡូក្រោម ខាំ ខ្លានាង បានលើកឡើងថា ការយកឈ្នះមិត្តរួមអាជីព ហ៊ីម សេរី នៅលើសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE កាលពីថ្ងៃអាទិត្យកន្លងទៅ គឺជាការដណ្ដើមយកជ័យជំនះមួយដែលចង់គ្រូបង្វឹករបស់កីឡាករមកពីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ បញ្ចប់ការពុំអស់ចិត្តសម្រាប់ការប្រកួតកន្លងមក។

 


 
ក្រោយចប់ការប្រកួតកូនសិស្សលោក បឺត សំខាន់ រូបនេះ បានរៀបរាប់ថា សម្រាប់ការប្រកួតលើកទីបួននេះ ហ៊ីម សេរី មានក្បាច់ល្អជាងមុន ជាពិសេសការចេញកណ្ដាប់ដៃ លឿន និងច្បាស់ៗ។

 


 
”និយាយរួមទៅស្រដៀងគ្នាដែរ តែលើកនេះគាត់ចេញដៃមកច្បាស់បានមួយៗដែរ ហើយ លឿន ជាងមុន។ និយាយទៅការប្រកួតមុននេះដូចការប្រកួតមុនៗដែរ ​គ្រាន់តែថាប្រកួតនេះគាត់ចេញបានច្រើនជាងប្រកួតមុនៗ ការយកឈ្នះលើកនេះព្រោះខ្ញុំដឹងថាគាត់នៅតែវ៉ៃអត់សូវលឿនប៉ុន្មានទេ គាត់ចេញរៀងយឺតជាងយើង ហើយខ្ញុំវ៉ៃជាមួយគាត់លើកនេះគឺអាណិតតិចជាងមុន ព្រោះលោកគ្រូគាត់ ថាអត់ពេញចិត្តខ្ញុំវ៉ៃចឹងវ៉ៃលើកនេះ ធ្វើឲ្យលោកគ្រូរបស់គាត់អស់ចិត្ត តែចិត្តខ្ញុំនៅអាណិតគាត់ចឹង គ្រាន់តែតិចជាងមុន។”

 


 
គួរបញ្ចក់ថា នេះជាលើកទី៤ហើយដែលកូនសិស្សក្លិប រហាត់ស្វាយប៉ាក និងសិស្សគុនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប៉ះគ្នា ដោយក្នុងនោះ ហ៊ីម សេរី ដណ្ដើមបានជ័យជំនះតែមួយលើកប៉ុណ្ណោះក្នុងជំនួបដំបូង។


សូមជម្រាបជូនថា ម្ចាស់ជើងឯកម៉ារ៉ាតុន និងប្រាក់ ២លាន៦សែនរៀល សប្ដាហ៍ទី៥ បានទៅលើកីឡាករ ឡុង សុផា ក្រោយយកឈ្នះកីឡាករ គង់ ឧត្ដម ក្នុងការប្រកួតទី១ និងបន្តឈ្នះ ផាន់ សុវណ្ណ នៅវគ្គផ្ដាច់ព្រ័ត្រ។

 


 
សម្រាប់សប្ដាហ៍ទី៦នៃការប្រកួតម៉ារ៉ាតុនកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE ភីអិនអិន បានរៀបចំការប្រជែងកាន់តែកក្រើករវាងជើងខ្លាំងវ័យក្មេងទម្ងន់ស្រាលបួនរូប ក្នុងនោះមាន ព្រឿង សុចឺត, ឡុង ពិសិដ្ឋ, អេលីត ប៊ុនតុង និង គា ស្រ៊ុន ដែលត្រូវឡើងមកដណ្ដើមពានម៉ារ៉ាតុនប្រភេទទម្ងន់ ៤៥ គីឡូក្រាម និងប្រាក់រង្វាន់ ២លាន៦សែនរៀល នាសប្ដាហ៍នេះ៕

Copyright © 2016 PNN NEWS. All Rights Reserved.