ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ប្រធានសហប្រជាជាតិនិយាយថា តំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យគ្រោះថ្នាក់បំផុត

អគ្គលេខាធិការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូធឺរ៉េស បាននិយាយពីថ្ងៃព្រហស្បតិ៍ថា តំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យគ្រោះថ្នាក់បំផុត ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។

 

 

 

 

សមាជិកក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិទាំង១៥រូបបានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីធ្វើការបោះឆ្នោតសម្រាប់ការបង្កើតរដ្ឋពីរដោយពួកគេជឿថា វិធានការនេះអាចជាដំណោះស្រាយមួយដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្កាហ្សា។

 

ប៉ុន្តែក្នុងការបោះឆ្នោតនោះ សហរដ្ឋអាមេរិកបានបោះឆ្នោតជំទាស់ ហើយសមាជិក១២នាក់ទៀតបានបោះឆ្នោតគាំទ្រ ខណៈដែលអង់គ្លេស និងប្រទេសស្វីសមិនបានបោះឆ្នោតនោះទេ។

 

អាមេរិកនិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយគួរតែធ្វើឡើងតាមរយៈការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន គឺមិនមែនធ្វើឡើងតាមរយៈសកម្មភាពរបស់អង្គការសហប្រជាជាតិនោះទេ។ ទង្វើនេះបានធ្វើឱ្យលោក ហ្គូធឺរ៉េស ព្រមានថា តំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅចំមុខកាំបិតដ៏គួរឱ្យគ្រោះថ្នាក់បំផុត ខណៈដែលគេមិនអាចស្វែងរកសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីនមួយដែលឯករាជ្យពេញលេញ ឋិតថេរ និងអធិបតេយ្យភាពបាននៅឡើយ។

 

ទន្ទឹមនឹងនេះ ការប្រឈមុខដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក៏កំពុងកើនឡើងផងដែរ។ ជាក់ស្ដែង អ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិនៅថ្ងៃនោះដែរថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការផ្សងព្រេងផ្នែកយោធាបន្ថែមទៀតប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់។ បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរចិត្តបន្តិចឡើយក្នុងការប្រើសិទ្ធិរបស់ខ្លួនឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវចំពោះអ៊ីស្រាអែលវិញជាមិនខាន៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024