ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
វិធីសាស្ត្រក្នុងការផ្សព្វផ្សាយចំណេះដឹងសាធារណៈពីអ្វីមួយមានច្រើនយ៉ាងដូចជាការរៀបចំយុទ្ធនាការ និងការចុះតាមមូលដ្ឋានផ្ទាល់ដើម្បីអប់រំពលរដ្ឋជាដើម ប៉ុន្តែដោយឡែកគេបានឃើញបុរសនីហ្សេរីយ៉ាម្នាក់បានជ្រើសរើសការហែលទឹករាប់គីឡូម៉ែត្រដើម្បីអប់រំសាធារណជនពីសុខភាពផ្លូវចិត្ត។
កីឡាករហែលទឹកជនជាតិនីហ្សេរីយ៉ាលោក Akinrodoye Samuel បានព្យាយាមផ្សព្វផ្សាយចំណេះដឹងសុខភាពផ្លូវចិត្តនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះដោយការហែលទឹកចម្ងាយជិត ១២ គីឡូម៉ែត្រតាមបណ្ដោយស្ពានវែងបំផុតនៅទីក្រុង Lagos ជាទីដែលមានមនុស្សជាច្រើនបានលោតទឹកសម្លាប់ខ្លួនពីលើស្ពាននេះ។
ដំបូងឡើយ លោក Samuel ជាគ្រូបង្ហាត់ហែលទឹកបានរំពឹងថាអាចប្រើពេល ៣ ម៉ោងដើម្បីហែលដល់គោលដៅ ប៉ុន្តែដោយសារតែមានការហ្វឹកហាត់ហែលទឹកជាប្រចាំតាំងពីខែតុលា ឆ្នាំ២០២៣មក ទើបកីឡាកររូបនេះបានបំពេញកិច្ចការនេះក្នុងរយៈពេល ២ ម៉ោង និង ៣៣ នាទីតែប៉ុណ្ណោះ។
លោក Samuel បានប្រាប់សារព័ត៌មាន Reuters បន្ទាប់ពីបានបញ្ចប់ការហែលទឹកនៅ Lagos កាលពីចុងខែមីនាថា គោលបំណងដ៏សំខាន់នៃការហែលទឹករបស់គាត់ពេលនេះគឺដើម្បីលើកចិត្តឱ្យពលរដ្ឋ នីហ្សារីយ៉ាកុំគិតថា ការធ្វើអត្តឃាតគឺជាជម្រើសចុងក្រោយឱ្យសោះព្រោះគាត់ក៏ធ្លាប់មានជំងឺនេះដែរ។
បើតាមរបាយការណ៍របស់អង្គការយូនីសេហ្វឆ្នាំ២០២១បានបង្ហាញថា ពលរដ្ឋនីហ្សេរីយ៉ាម្នាក់ក្នុងចំណោមប្រាំមួយនាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំមានជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ឬមានបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗទៀត។
អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការអាក់អន់ចិត្តបណ្ដាលមកពីការប្រមាថមាក់ងាយគួបផ្សំនឹងសុខភាពផ្លូវចិត្តនៅក្នុងប្រទេសនីហ្សេរីយ៉ាគឺជាកត្តាចម្បង ដែលជំរុញមនុស្សជាច្រើនកើតជំងឺផ្លូវចិត្តនៅពេលជនរងគ្រោះមិនអាចបើកចិត្តទូលាយដើម្បីទទួលយកការប្រមាថទាំងអស់នោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន