ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី

១៧ មេសា ២០២៤ | សេដ្ឋកិច្ច

 

 

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីដ្ឋានវត្តភ្នំ។ 

 


រយៈពេលបីថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយ រីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្ដវត្តភ្នំ  ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

 


ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្ដវត្ដភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

 


សូមជម្រាបជូនថា ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

 

 

អត្ថបទ៖ AKP រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024