ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤
របាយការណ៍ពី អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បង្ហាញថា ការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី ១ ដើមឆ្នាំនេះ សម្រេចបានជាង ១៣៦លានដុល្លារអាមេរិក។
ប្រភពដដែលបញ្ជាក់ថា គិតត្រឹមត្រីមាសទី ១ ជ័រកៅស៊ូមានតម្លៃជាមធ្យម ១.៤៥០ដុល្លារក្នុងមួយតោន កើនឡើង ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា មានតម្លៃ ១៨៨ដុល្លារក្នុងមួយម៉ែត្រគីប។
នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ៩១៨លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើង ៦៩% បើធៀបនឹងឆ្នាំ ២០២២ ខណៈទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន វៀតណាម ចិន ម៉ាឡេស៊ីជាដើម។
បើតាមក្រសួងកសិកម្ម បង្ហាញថា តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងខែមករា គឺមានតម្លៃ ១ពាន់ ៤២៣ដុល្លារក្នុងមួយតោន កើនឡើងប្រមាណ ១៩ដុល្លារក្នុងមួយតោន ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃនៃការនាំចេញឈើកៅស៊ូ គិតជាមធ្យមគឺប្រមាណ ២០៤ដុល្លារក្នុងមួយម៉ែត្រគីប។
បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ៣២ម៉ឺនហិកតា ឬប្រមាណ ៧៩% នៃផ្ទៃសរុប ខណៈផ្ទៃដីថែទាំមានជាង ៨ម៉ឺនហិកតា។
គួររម្លឹកដែរថា ក្នុងឆ្នាំ ២០២៣ កម្ពុជា សម្រេចការនាំចេញកសិផលបាន ក្នុងតម្លៃទឹកប្រាក់ជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក ជាមួយនឹងបរិមាណជាង ៨,៥លានតោន ដោយទំនិញសំខាន់ៗរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច ស្វាយចន្ទី ជាដើម៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ