ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

តុង លី បង្ហាញចំនុចវិជ្ជមានក្នុងរឿង «ដឹកបេះដូងរកស្នេហ៍» ដែលទស្សនិកជនមិនគួរមើលរំលង

១៧ មេសា ២០២៤ | កម្សាន្ដ

 

 

បន្ទាប់ពីបានសម្តែងរឿង «ដឹកបេះដូងរកស្នេហ៍» កំលោះសង្ហា តុង លី មើលឃើញចំនុចវិជ្ជមាន និងការលើកទឹកចិត្តច្រើន ដែលទស្សនិកជនមិនគួរមើលរំលងនោះឡើយ។ជាលើកដំបូងដែលតារាសម្តែងរូបសង្ហា តុង លី មានឱកាសចូលរួមថតភាពយន្តភាគខ្នាតធំជាមួយស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន ក្នុងរឿង «ដឹកបេះដូងរកស្នេហ៍» ជារឿងភាគខ្នាតធំថ្មីកំពុងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន អ្នកនិយមទស្សនារឿងភាគភីអិនអិន។

 

 


 
តុង លី បានបង្ហាញអារម្មណ៍រំភើប ដែលបានចូលរួមសម្តែងរឿង «ដឹកបេះដូងរកស្នេហ៍» ជាមួយតារាសម្តែងជួរមុខល្បីៗនៅកម្ពុជា ហើយលោកពិតជាពេញចិត្តសាច់រឿង «ដឹកបេះដូងរកស្នេហ៍» នេះខ្លាំងណាស់ ព្រោះវាមិនត្រឹមតែជារឿងបែបយុវវ័យប៉ុណ្ណោះទេ ថែមទាំងបង្កប់អត្ថន័យអប់រំ និងចំនុចវិជ្ជមានច្រើនដល់អ្នកទស្សនាទៀតផង។ ពិសេស វាបានបំផុសគំនិតអប់រំ និងការលើកទឹកចិត្តដល់យុវវ័យឱ្យក្លាហានឈោងចាប់ក្តីស្រមៃរបស់ខ្លួនឯង។
 

 


 
តារាសម្តែងរាងខ្ពស់ស្រឡះនេះបន្តថា លោកពេញចិត្តតួអង្គក្នុងរឿងនេះខ្លាំងណាស់ ជាមនុស្សដែលខំប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីឱ្យក្តីស្រមៃពីក្មេងបានជោគជ័យ ប៉ុន្តែក៏មានអារម្មណ៍មនោសញ្ចេតនាខ្លះចូលមកលាយឡំ ដោយសារបានជួបតួស្រីក្រមិចក្រមើម ខេមា សម្តែងដោយ កញ្ញា ឡៃអ៊ី។


 


 
បន្ទាប់ពីរឿង «ដឹកបេះដូងរកស្នេហ៍» តុង លី ក៏ត្រៀមបញ្ចេញស្នាដៃថ្មីមួយលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចំណងជើង «គ្រួសារបង្កង» ដែលបច្ចុប្បន្នរឿងភាគថ្មីនេះកំពុងដំណើរការផលិតយ៉ាងយកចិត្តទុកដាក់។

 

 

បន្ថែមពីលើនោះ លោកក៏មានស្នាដៃរឿងខ្នាតធំថ្មីត្រៀមចាក់ក្នុងរោងភាពយន្តក្រោយចូលឆ្នាំខ្មែរផងដែរ រួមទាំងការថតប្រម៉ូតផលិតផល ការថតស្ប៉តពាណិជ្ជកម្ម និងការដើរម៉ូដកម្មវិធីផ្សេងៗ។

 


 
តាមរយៈការងារដែលទទួលបានធ្វើឱ្យលោករវល់ច្រើនគួរសមសម្រាប់ឆ្នាំថ្មីនេះ តែយ៉ាងណាក៏មិនអរគុណទៅកាន់ទស្សនិកជន និងអ្នកគាំ​ទ្រគ្រប់រូប ដែលបានគាំទ្រលោកតាំងពីដើមរហូតដល់ទល់ពេលនេះ ហើយកុំភ្លេចរង់ចាំទស្សនាស្នាដៃថ្មីៗរបស់លោក ដែលនឹងបង្ហាញជូននាពេលឆាប់ៗនេះ៕
 
 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024