ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារសម្រាប់អន្តរាគមន៍កសិផលមួយចំនួននៅពេលទីផ្សារប្រែប្រួល

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ សម្រាប់អន្តរាគមន៍កសិផលមួយចំនួន ដើម្បីធានាតម្លៃឡើងចុះទីផ្សារកសិកម្ម ដែលប្រែប្រួលទៅតាមទីផ្សារពិភពលោក។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានត្រៀមកញ្ចប់ថវិកា១០០លានដុល្លារសម្រាប់អន្តរាគមន៍កសិផលមួយចំនួន ដើម្បីធានាតម្លៃឡើងចុះទីផ្សារកសិកម្ម ដែលប្រែប្រួលទៅតាមទីផ្សារពិភពលោក។

 


ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ផលិតកសិកម្មមានការឡើងចុះដែលធ្វើឱ្យមានការពិបាកដល់ប្រជាពលរដ្ឋអ្នកធ្វើកសិកម្ម។ ប៉ុន្តែនេះជាវិញ្ញាសាមួយដែល រាជរដ្ឋាភិបាល មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បានខិតខំធ្វើយ៉ាងណាធានាឱ្យអស់លទ្ធភាពជួយរក្សាលំនឹងទីផ្សារឱ្យមានតម្លៃថេរ។

 


វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំបន្តជួយ សម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ដល់ក្រុមហ៊ុន ខ្មែរ ហ្វេសមីល និងក្រុមហ៊ុនដទៃទៀតដែលកំពុងបោះទុន វិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយពង្រឹងស្ដង់ដារគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង ។ 

 


រាជរដ្ឋាភិបាលសូមស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគឯកជនកាន់តែច្រើនថែមទៀត នៅក្នុងគ្រប់អនុវិស័យរបស់ វិស័យកសិកម្ម ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាជន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការនាំចូល និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

 


ទន្ទឹមនេះ សម្ដេចធិបតី បានអរគុណកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ និងក្រុមហ៊ុនកសិដ្ឋានផ្សេងទៀតដែលបានចូលមកក្នុងទីផ្សារកម្ពុជាជួយលផលិតទឹកដោះផ្គត់ផ្គង់ទីផ្សារកម្ពុជា។

 


គួរបញ្ជាក់ដែរថា គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេសមីល និងជាកសិដ្ឋានខ្នាតធំដំបូងគេនៅកម្ពុជា ដែលមានច្រវាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024