ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ថៃ សម្រុកនាំចេញផ្លែទុរេនទៅកាន់ ចិន ក្នុងឆ្នាំនេះ 

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសថៃ មានបំណងបង្កើនការនាំចេញទុរេនទៅកាន់ ប្រទេសចិន ដោយស្វែងរកយុទ្ធសាស្ត្រដើម្បីដណ្តើមបានតំណែងអ្នកនាំចេញកំពូលរបស់ខ្លួនឡើងវិញ បន្ទាប់ពីត្រូវបាន វៀតណាម វ៉ាដាច់។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 

 

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសថៃ កំពុងជំរុញឱ្យអ្នកនាំចេញ និងស្ថាប័នរដ្ឋាភិបាល បង្កើនការនាំចេញទុរេនទៅកាន់ប្រទេសចិន ហើយដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនេះ ប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ប្រទេសចិន នៅពាក់កណ្តាលខែមីនា ដែលកំណត់ពេលវេលាជាយុទ្ធសាស្រ្ត មុនពេលរដូវប្រមូលផលទុរេនរបស់ប្រទេសថៃ។MoU នេះមានគោលបំណងជំរុញ និងកំណត់តម្លៃស្ថិរភាព សម្រាប់ការនាំចេញផ្លែឈើត្រូពិចពី ប្រទេសថៃទៅកាន់ ប្រទេសចិន ដែលជាការផ្លាស់ប្តូរមួយ ផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កសិករថៃ។

 


លើសពីនេះ ថៃ នឹងកែប្រែខ្សែសង្វាក់ភស្តុភារឡើងវិញ ដោយបញ្ចូលខ្សែសង្វាក់ត្រជាក់ទំនើប និងបច្ចេកវិទ្យាបង្កក ក្នុងចំណោមការកែលម្អផ្សេងៗទៀត។យ៉ាងណាមិញ ផ្លែឈើដែលនាំចេញពីប្រទេសថៃ នឹងប្រឈមនឹង ការគ្រប់គ្រងគុណភាពកាន់តែតឹងរ៉ឹង។នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងនាំចូលទុរេន និងមង្ឃុតប្រហែល ២ម៉ឺន តោន ដែលមានតម្លៃជាង ៨២លានដុល្លារអាមេរិក ពីប្រទេសថៃ ចាប់ពីខែមេសាដល់ ខែមិថុនាឆ្នាំនេះ។

 


ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ប្រទេសចិនមានចំនួនសរុប ៣ម៉ឺនតោន ពោលគឺ ៧២% ច្រើនជាងរបស់ប្រទេសថៃ ខណៈតម្លៃនាំចេញជិត ៥ពាន់ ដុល្លារអាមេរិកក្នុងមួយកុងតឺន័ររបស់វៀតណាម គឺទាបជាងថៃ ជិត ២០%។សូមរម្លឹកថា ក្រសួងពាណិជ្ជកម្មថៃ បញ្ជាក់រួចហើយថា ការនាំចេញផ្លែឈើរបស់ថៃ នឹងប្រឈមមុខនឹងបញ្ហាកាន់តែច្រើន នៅឆ្នាំ ២០២៤នេះ ជាពិសេសនៅក្នុងទីផ្សាររបស់ប្រទេសចិន ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំង៕

 


 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024