ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

CDC ជំរុញអោយភាគីពាក់ព័ន្ធផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ផ្សារភ្ជាប់ទៅនិង កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលកម្ពុជាមាន

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញអោយភាគីពាក់ព័ន្ធផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា និងផ្សារភ្ជាប់ស្ថានភាពទីផ្សាររបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលកម្ពុជា បានចុះហត្ថលេខា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ។

 


 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគនៅកម្ពុជា។

 


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល តាមរយៈការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក.អ.ក.។ 

 


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមបានសង្កត់ធ្ងន់លើការប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមានដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

 

 

បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន។ 

 


សូមជម្រាបជូនថា គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបប្រមាណ ១៨ម៉ឺនកន្លែង។ បើប្រៀបធៀបរយៈពេល ៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារអាមេរិក៕

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024