ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ហេតុតែស្រលាញ់សិល្បៈស្រ្តីឆ្នើម លាង ធារ៉ា ជម្នះហាត់របាំបុរាណរហូតទទួលការសរសើរពីគ្រូផ្នែករបាំ!

០៩ មេសា ២០២៤ | កម្សាន្ដ

 

ហេតុតែស្រលាញ់សិល្បៈ ហើយចង់បង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរទៅកាន់ពិភពលោក អគ្គនាយិកាវ័យក្មេង លាង ធារ៉ា បានចំណាយពេលវេលាផ្ទាល់ខ្លួនស្វែងយល់ពីវិស័យសិល្បៈ ជាពិសេសការហាត់រៀនរបាំបុរាណតែម្តង។ គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ថ្មីៗនេះ ស្រ្តីឆ្នើមក្នុងវិស័យជំនួញនេះ បានចំណាយពេលវេលាដ៏មមាញឹកពីអាជីវកម្មផ្ទាល់ខ្លួន ដើម្បីហាត់រៀនរាំរបាំនារីជាជួរ ក្រោមការបង្ហាត់បង្រៀនពីអ្នកជំនាញផ្នែករបាំ អ្នកគ្រូ វុធ ច័ន្ទម៉ូលី។

 

 

អ្នកគ្រូ វុធ ច័ន្ទម៉ូលី បានសម្តែងការកោតសរសើរដល់កូនសិស្សម្នាក់នេះ ដែលមានចិត្តស្រលាញ់សិល្បៈខ្លាំង ហើយជម្នះផលលំបាក ដើម្បីហាត់រៀនរាំរបាំបុរាណខ្មែរ ព្រោះយើងដឹងហើយថា វាមិនមែនជារឿងងាយស្រួលទេក្នុងការហាត់រៀនរបាំបុរាណពេលយើងអាយុច្រើន។ 

 

 

ស្ថិតក្នុងឈុតសម្លៀកបំពាក់បុរាណដ៏ប្រណីត អគ្គនាយិកា THEARA LEANG CO,.LTD បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្រោយបង្ហាញផ្ទាំងទស្សនីយភាពរបាំនារីជាជួរ ជាមួយនាថការីរបាំបុរាណខ្មែរជាច្រើនរូប។

 

 

លោកស្រីពិតជាស្រលាញ់សិល្បៈបុរាណគ្រប់ទម្រង់ តែពុំមានពេលវេលាគ្រប់គ្រាន់ ព្រោះមមាញឹកជំនួញផ្ទាល់ខ្លួន ប៉ុន្តែលោកស្រីកត់សម្គាល់ថា ការហាត់រៀនរបាំបុរាណជួយយើងបានច្រើនណាស់ ទាំងផ្លូវចិត្ត និងកាយវិការទន់ភ្លន់សមសួន ដូច្នេះលោកស្រីនឹងបន្តហាត់រៀនរបាំផ្សេងៗបន្តបន្ទាប់ទៀត។នេះមិនមែនលើកដំបូងទេ ដែលលោកស្រី លាង ធារ៉ា ចូលខ្លួនមកប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរបង្ហាញទៅកាន់សាធារណជន។

 

 

ជាក់ស្តែង កាលពីឆ្នាំមុនកូនខ្មែររូបនេះបានតុបតែងតួអង្គទេវតាឆ្នាំថ្មី បង្ហាញសិរីសួស្តីទៅកាន់ប្រជាជនកម្ពុជា ហើយកាលនោះមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាលើរូបថត និងវីដេអូដោយមានអ្នកចុច like និង share ច្រើនលើសលុបតែម្តង ។

 

 
មិនយូរប៉ុន្មាន ក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំងជាថ្មីពេលលោកស្រីបង្ហាញខ្លួនក្នុងនាមជាក្រុមការងារពិធីការ នាឱកាសកម្ពុជាជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការប្រកួតកីឡាស៊ីហ្គេមអំឡុងខែឧសភា ឆ្នាំ២០២៣។

 

 

 ទោះពុំសូវមានពេលវេលាច្រើនក៏ពិតមែន ក៏លោកស្រីនៅតែលៃលកពេលវេលាធ្វើនូវអ្វីដែលពេញចិត្ត ក៏ដូចជាចូលរួមវិស័យសិល្បៈឱ្យច្រើន ព្រោះជាអ្វីដែលស្រលាញ់ពេញចិត្ត ហើយចង់ចូលរួមថែរក្សា អភិរក្ស ផ្សព្វផ្សាយឱ្យអន្តរជាតិបានដឹងឮពីមរតកដ៏ផូរផង់របស់ខ្មែរយើង៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024