ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

បង្ហាញទ្រព្យសរុបរបស់កំពូលតារាប៉ុប Ariana Grande នៅឆ្នាំ២០២៤

១៥ មីនា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងប៉ុបអាមេរិក Ariana Grande កំពុងទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងការចេញអាល់ប៊ុមថ្មី ហើយថ្មីៗនេះក៏មានសេចក្ដីរាយការណ៍ថាទ្រព្យសម្បត្តិសរុបរបស់នាងកើនឡើងដល់ ២៤០លានដុល្លារ។

 


Ariana Grande (អារីអាណា ហ្ក្រេនដេ) ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងតារាសម្តែងអាមេរិកដ៏មានទេពកោសល្យ ដោយបានឆក់យកបេះដូងមនុស្សរាប់លាននាក់ជុំវិញពិភពលោកជាមួយនឹងបទល្បីៗជាច្រើនដូចជា "Thank U, Next", "7 Rings", "Positions" និង "Santa Tell Me"។

 

 

ទទួលបានភាពល្បីល្បាញតាំងពីវ័យជំទង់តាមរយៈការសម្ដែងរឿងភាគរបស់ទូរទស្សន៍កុមារ Nickelodeon (នីខេឡូដៀន) Grande បានវិវត្តខ្លួនមកជាអ្នកចម្រៀងដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតប្រចាំជំនាន់របស់ខ្លួន។ 

 


តារាស្រីវ័យ ៣០ឆ្នាំរូបនេះត្រូវបានទស្សនាវដ្តី Forbes (ហ្វប់ស៍) ចាត់ថ្នាក់ជាតារាចម្រៀងស្រីមានប្រាក់ចំណូលខ្ពស់បំផុតក្នុងឆ្នាំ ២០២០ ហើយតាមទិន្នន័យចុងក្រោយចុះផ្សាយដោយគេហទំព័រ International Business Times កាលពីថ្ងៃទី១៤ ខែមីនា ទ្រព្យសម្បត្តិសុទ្ធរបស់ Grande ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៤០ លានដុល្លារ ដែលភាគច្រើនត្រូវបានសន្មតថាបានមកពីអាជីពចម្រៀង កុងត្រាផ្សាយពាណិជ្ជកម្មនានា ព្រមទាំងការបណ្តាក់ទុនអាជីវកម្មផ្សេងៗផងដែរ។

 


កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅនេះ Ariana Grande ទើបតែចេញអាល់ប៊ុមពេញទី៧ "Eternal Sunshine" ជាមួយបទចម្រៀងនាំមុខមានចំណងជើងថា "We Can't Be Friends (Wait for Your Love)" ហើយក្នុងខែវិច្ឆិកាខាងមុខនេះ អ្នកគាំទ្រនឹងបានទស្សនាការសម្ដែងរបស់នាងជាថ្មីក្នុងខ្សែភាពយន្តបែបវេទមន្ត “Wicked” (វីកឃីត) ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024