ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ឆ្នាំនេះ ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក បានឈានដល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

ឆ្នាំនេះ ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក បានឈានដល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ។ ចំណុចរបត់នេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបេសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តន៍ជាវិជ្ជមាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

 


ការថ្លែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឡើងក្នុងវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះ» ដែលសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។

 


បើតាមឯកឧត្តម គោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស គឺជាមូលហេតុមួយដែលនាំឲ្យគេមើលឃើញថាធ្វើឲ្យកម្ពុជា និងអាមេរិកល្អក់កករជាមួយគ្នា។ ត្រង់ចំណុចនេះ ឯកឧត្តមចង់ឲ្យសហរដ្ឋអាមេរិកយោគយល់ចំពោះកម្ពុជា ដោយមិនត្រូវចាប់បង្ខំកម្ពុជាឲ្យអនុវត្តន៍តាមខ្លួននោះឡើយ ព្រោះថាប្រជាធិបតេយ្យនៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយ។ ក្រៅពីនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើនការវិនិយោគរបស់អាមេរិកនៅកម្ពុជា ក៏ជាច្រកដ៏សំខាន់មួយ ដែលនាំឲ្យទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក មានភាពល្អប្រសើរផងដែរ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024