ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រាជបណ្ឌិត្យសភាកម្ពុជា នឹងយករូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ទាំងអស់ ចងក្រងជាសៀវភៅ

២៥ តុលា ២០២០ | ព័ត៌មានជាតិ

រូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ទាំងអស់ នឹងត្រូវរៀបចំចងក្រងជាសៀវភៅ ដោយរាជបណ្ឌិត្យសភាកម្ពុជា។ នៅពេលនេះ ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានក្រុមអ្នកស្រាវជ្រាវ កំពុងកំណត់អត្តសញ្ញាណ ដែលមានទម្រង់ផ្សេងៗគ្នា។ 

 


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្នុងនាមជាស្ថាប័នសិក្សាស្រាវជ្រាវ រាជបណ្ឌិត្យសភា នឹងរៀបចំរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ទាំងអស់ ចងក្រងជាសៀវភៅ ក្នុងដំណាក់កាលទី១ តាមប្រវត្តិនីមួយៗ រូបភាពនីមួយៗ នៅតាមប្រាង្គប្រាសាទនានា ឬជាស្នាដៃរបស់ព្រះអង្គ ដើម្បីផ្សព្វផ្សាយជាសាធារណៈ។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែតុលានេះ។

 


វេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកំណត់ជ្រើសរើសរូបណាមួយសម្រាប់យកមកសិតជាបដិមាទោលរបស់ព្រះអង្គជាទម្រង់ជាព្រះមហាក្សត្រក្នុងកាយវិការគ្រងរាជ្យ ឬក្នុងកិច្ចធ្វើព្រះរាជ្យសវនាការ ដោយសារកន្លងមក យើងឃើញមានតែការឆ្លាក់រូបព្រះអង្គ ក្នុងទម្រង់សមាធិ ដោយមិនមានគ្រងគ្រឿងរណ្ដាប់រាជអ្វីឡើយ។

 


អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យង់ ពៅ បានឲ្យដឹងថា ក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ រកអត្តសញ្ញាណព្រះបរមរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ផ្សេងៗទៀត ក្រៅពីទម្រង់អង្គុយពែនភ្នែន សម្មាធិ ឬសំពះ។ ការស្រាវជ្រាវនេះ មានគោលបំណងស្ថាបនាបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧ (ក្នុងទម្រង់ខុសពីទម្រង់ធ្លាប់មាន) ដើម្បីតម្កល់ក្នុងអគារ «ខេមរវិទូ» ក្នុងបរិវេណអគាររាជបណ្ឌិត្យសភា ដែលនឹងសាងសង់រួចរាល់នាពេលឆាប់ៗនេះ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខជួប រិទ្ធីបញ្ញា
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024