ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

ឆ្នាំនេះ សហគមន៍កាហ្វេភ្នំលៀរ បានផលច្រើន  មានទីផ្សារ និងតម្លៃល្អជាងឆ្នាំទៅមុន

២២ មករា ២០២២ | ព័ត៌មានជាតិ


ការប្រមូលផលគ្រាប់កាហ្វេរបស់ប្រជាកសិករដាំកាហ្វេនៅសហគមន៍ភ្នំលៀរ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅឆ្នាំនេះ ទទួលបានផលល្អប្រសើរជាងឆ្នាំទៅម៉ិញ ។ បានល្អប្រសើរជាងឆ្នាំទៅម៉ិញ ដោយហេតុថា ឆ្នាំនេះចំពោះកសិករដែលយកចិត្តទុកដាក់ថែទាំចម្ការកាហ្វេរបស់ខ្លួនបានល្អ ទទួលបានគ្រាប់កាហ្វេ ជាមធ្យមប្រមាណជាជិត ២ តោន ក្នុង ១ ហិកតា ។

 

 

ចំណែកអ្នកដែលមិនសូវគិតគូរយកចិត្តទុកដាក់ថែទាំ ទទួលបានផលជាមធ្យមជិត ១ តោនគ្រាប់កាហ្វេ ក្នុង ១ ហិកតា ។ ទិន្នផលនេះកើនឡើងប្រមាណជា ២០០ គីឡូក្រាម នៃ គ្រាប់កាហ្វេ សម្រាប់ផ្ទៃដាំកាហ្វេ ១ ហិកតា បើធៀបទៅនឹងកាលពីឆ្នាំទៅម៉ិញ ។ នេះបើតាមការឱ្យដឹងរបស់លោក ង៉ូច ស្មេន សមាជិកសហគមន៍កសិករដាំកាហ្វេភ្នំលៀរ ឃុំប៊ូស្រា ស្រុកពេជ្រាជដា ខេត្តមណ្ឌលគិរី ប្រាប់ PNN តាមទូរស័ព្ទពីខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះ ។

 


ចំណែកតម្លៃគ្រាប់កាហ្វេវិញ នៅឆ្នាំនេះក៏បានតម្លៃល្អប្រសើរជាងឆ្នាំទៅម៉ិញបន្តិចដែរ គឺគ្រាប់កាហ្វេស្រស់ដែលទើបតែបេះមកពីដើមភ្លាម លក់បានតម្លៃ ១៥០០ ទៅ ២០០០ រៀលក្នុងមួយគីឡូក្រាម ។ ចំណែកគ្រាប់កាហ្វេហាលស្ងួត ប៉ុន្តែមិនទាន់វាយសម្បកចេញ មានតម្លៃពីចន្លោះ ៣០០០ ទៅ ៤០០០ រៀលក្នុងមួយគីឡូក្រាម ។

 

 

ចំណែកគ្រាប់កាហ្វេហាលស្ងួត ថែមទាំងវាយសម្បចេញរួចរាល់ មានតម្លៃចាប់ពី ៦០០០ រៀល ទៅ ៨០០០ រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមប្រភេទគ្រាប់តូច ឬ គ្រាប់តូច និង គ្រាប់ធំលាយបញ្ចូលគ្នា ។ បើនិយាយអំពីទីផ្សារវិញ ឆ្នាំនេះមានអ្នកចុះទិញគ្រាប់កាហ្វេច្រើនជាងឆ្នាំទៅម៉ិញ ហើយទិញក្នុងបរិមាណច្រើនជាងទៀតផង ។ នេះបើតាមការឱ្យដឹងរបស់កសិករ ង៉ូច ស្មេន ដដែល ។


កសិករ ង៉ូច ស្មេន បានពន្យល់ថា មូលហេតុដែលផលគ្រាប់កាហ្វេបានកើនឡើងយ៉ាងដូច្នេះ ដោយសារមានអង្គការ និង អ្នកជំនាញពីក្រសួងស្ថាប័នខ្លះ បានចុះទៅបណ្តុះបណ្តាលបង្ហាត់បង្រៀនបច្ចេកទេសដល់កសិករក្នុងការដាំដុះថែទាំកាហ្វេរបស់ខ្លួន ដែលប្រការនេះ បានរួមចំណែកជួយធ្វើឱ្យកាហ្វេរបស់កសិករនៅសហគមន៍ភ្នំលៀរ កើនឡើងមិនត្រឹមតែបរិមាណគ្រាប់ប៉ុណ្ណោះទេ ក៏បានកើនឡើងទាំងគុណភាព នៃ គ្រាប់កាហ្វេផងដែរ ។ 


ទោះយ៉ាងណាកសិករ ង៉ូច ស្មេន មើលឃើញថា ការជួយបង្ហាត់បង្រៀនអំពីបច្ចេកទេសដាំដុះ និង ថែទាំកន្លងមកនៅមានកម្រិតនៅឡើយ ហេតុនេះកសិករ ង៉ូច ស្មេន បានអំពាវនាវសំណូមពរដល់ក្រសួងស្ថាប័ន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលដែលមានជំនាញច្បាស់លាស់ពាក់ព័ន្ធនឹងកាហ្វេ មេត្តាជួយផ្តល់ការបណ្តុះបណ្តាលបង្ហាត់បង្រៀនដល់កសិករនៅសហគមន៍កាហ្វេភ្នំលៀរ បន្ថែមទៀតនូវបច្ចេកទេសដាំដុះ និង ថែទាំកាហ្វេឱ្យបានកាន់តែល្អប្រសើរ ហើយបើអាចបន្ថែមដោយការណែនាំនូវពូជកាហ្វេដែលគុណភាពល្អផងនោះ ក៏រឹតតែប្រសើរថែមទៀត ។

 

ចំណែកម្ចាស់ហាង ឬ អ្នកប្រកបរបរពាក់ព័ន្ធនឹងគ្រាប់កាហ្វេ ដើម្បី ទទួលបានតម្លៃដើម និង គុណភាពដើម នៃ គ្រាប់កាហ្វេនៅទឹកដីខេត្តមណ្ឌលគិរីមួយនេះ អាចទំនាក់ទំនងទៅសហគមន៍កាហ្វេភ្លំលៀរ ដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០៧១ ២០០ ៣៩ ៥២ ។ សូមជម្រាបជូនម្តងទៀតទូរស័ព្ទលេខ ០៧១ ២០០ ៣៩ ៥២ ។


កសិករ ង៉ូច ស្មេន បានបន្ថែមថាការគាំទ្រគ្រាប់កាហ្វេរបស់សហគមន៍កាហ្វេភ្នំលៀរ គឺជាការរួមចំណែកលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍កាហ្វេភ្នំលៀរ រួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសធ្វើឱ្យពួកគាត់កាន់តែមានឆន្ទៈថែរក្សាការពារដីធ្លីរបស់ពួកគាត់ មិនលក់ដីធ្លីទាំងនោះទៅឱ្យអ្នកដទៃ និង បង្កើនការដាំកាហ្វេទាំងបរិមាណ គុណភាព និង កិត្តិនាម នៃ ការហ្វេនៅមណ្ឌលគិរីនោះបន្ថែមទៀត ។សូមជម្រាបថា សហគមន៍កាហ្វេភ្នំលៀរ មានវិសាលភាពនៅក្នុងដែនដីចំនួន ៧ ភូមិ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
 

 

អត្ថបទ៖ ខឿន សាឃាង      រូបភាព៖ សហគមន៍កាហ្វេភ្នំលៀរ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024