ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥
ត្រីបាឡែនពណ៌ខ្មៅ ឬត្រីបាឡែនផៃឡុតជាង ១០០ ក្បាលបានជាប់គាំងនៅតាមឆ្នេរខ្សាច់សមុទ្រស្ថិតនៅភាគខាងលិចនៃប្រទេសអូស្ត្រាលីធ្វើឱ្យភ្ញៀវទេសចរ និងពលរដ្ឋមូលដ្ឋានរត់ទៅមើល និងជួយសង្គ្រោះពួកវា ប៉ុន្តែជាអកុសលមានត្រីបាឡែនខ្លះបានស្លាប់ទៅហើយនៅពេលជាប់គាំងយូរពេក។
មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សជីវចម្រុះរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ត្រីបាឡែនប្រហែល ១៤០ ក្បាលបានជាប់គាំងនៅតាមឆ្នេរខ្សាច់មាត់សមុទ្រ Toby Inlet ស្ថិតនៅចម្ងាយប្រហែល ២៣៦ គីឡូម៉ែត្រពីទីក្រុង Perth កាលពីសប្ដាហ៍មុន។
រូបភាពវីដេអូបានបង្ហាញពីសកម្មភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីជំនាញកំពុងជួយសង្គ្រោះត្រីបាឡែនដែលកំពុងជាប់គាំងនៅលើឆ្នេរខ្សាច់ ដោយអ្នកខ្លះបានចាប់ទាញកន្ទុយត្រីដើម្បីអូសចូលក្នុងទឹកវិញ ហើយខ្លះទៀតក៏បានជួយបាចទឹកទៅលើត្រីទាំងនេះដើម្បីកុំឱ្យពួកវាក្រៀមស្បែកស្លាប់ផងដែរ។
ការិយាល័យនាយកដ្ឋាននេះបាននិយាយថា ត្រីបាឡែនទាំងនេះមាន ៤ ហ្វូងដែលមានចំនួនសរុបរហូតដល់ ១៦០ ក្បាលដែលបានជាប់គាំងលើឆ្នេរខ្សាច់លាតសន្ធឹងរហូតដល់ប្រហែល ៥០០ ម៉ែត្រ ប៉ុន្តែជាអកុសលមានត្រីបាឡែនចំនួន ២៦ ក្បាលបានស្លាប់ទៅហើយ។
មូលហេតុច្បាស់លាស់នៃការជាប់គាំងត្រីបាឡែននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែបើតាមសាកលវិទ្យាល័យ Western Australia បានឱ្យដឹងថា ត្រីបាឡែនប្រភេទនេះមានភាពល្បីល្បាញថាជាត្រីដែលមានទំនាក់ទំនងគ្នាវាល្អិតល្មួតខ្លាំងណាស់ គឺថាឱ្យតែមានត្រីណាមួយជួបការលំបាក និងជាប់គាំងលើឆ្នេរខ្សាច់ហើយ ពួកវាទាំងហ្វូងតែងតែហែលទៅជាប់គាំងជាមួយនឹងគ្នាជាបន្តបន្ទាប់តែម្ដង។
កាលពីខែកក្កដា ឆ្នាំមុន ក៏មានត្រីបាឡែនប្រភេទនេះជាង ៥០ បានស្លាប់នៅពេលពួកវាបានជាប់គាំងនៅតាមឆ្នេរសមុទ្រដាច់ស្រយាលមួយនៅភាគខាងលិចនៃប្រទេសអូស្ត្រាលីផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន