ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ក្របខ័ណ្ឌកងទ័ព ជូនសាច់ញាតិយោធិន ២០នាក់ ដែលពលី ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ នៅខេត្តកំពង់ស្ពឺ

០៧ ឧសភា ២០២៤ | ព័ត៌មានជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសផ្តល់ក្របខ័ណ្ឌកងទ័ព ជូនដល់សាច់ញាតិបង្កើត របស់យោធិនទាំង ២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ការសម្រេចបែបនេះ ធ្វើឡើង បន្ទាប់កូនប្រុសច្បងរបស់យោធិនពលីម្នាក់ ក្នុងចំណោម ២០នាក់ បានបង្ហាញបំណងចង់បន្តវេនពីឪពុក ចូលបម្រើការងារយោធា នៅខេត្តកោះកុង ដើម្បីបានប្រាក់ខែចិញ្ចឹមគ្រួសារ ។ 

 


ក្រោយបានឃើញសាររបស់កូនបង្កើតរបស់យោធិនម្នាក់ នៅខេត្តកោះកុង ដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ ដែលបានស្នើសុំក្របខ័ណ្ឌចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេន្តពីឪពុក នៅរសៀលថ្ងៃទី៦ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឯកភាពលើសំណើរនេះ។ 

 


តាមរយៈសំណេរនៅលើហ្វេកបុក សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្តល់ក្របខណ្ឌនេះ មិនត្រឹមតែសម្រាប់តែម្នាក់នោះទេ គឺនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ដែលអាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។ 

 


គួររម្លឹកថា លោក ជាសំណាង រស្មីសត្យា អាយុ២៣ឆ្នាំ ដែលត្រូវជាកូនច្បង របស់លោកវរសេនីយ៍ទោ ជា សំណាង ដែលបានពលីក្នុងហេតុការផ្ទុះគ្រាប់នៅយោធិនភូមិភាគទី៣ បានគោរពស្នើសុំសម្តេច ធិបតីហ៊ុន ម៉ាណែត ដោយបង្ហាញពីបំណងបន្តវេនពីឪពុក ចូលបម្រើការងារយោធានៅខេត្តកោះកុងបន្តទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗនិងជីដូនចាស់ជរា។

 


គួរបញ្ជាក់ថា យ៉ាងហោចណាស់ យោធិនចំនួន ២០នាក់បានពលីជីវិត និងមានអ្នករងរបូសមួយចំនួន ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២និង២៥នាទី រសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមយោធិនចំនួន ២០នាក់ដែលបានពលីជីវិត គឺមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់៕
 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024