ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥

ចូលកាន់តំណែងនាយករដ្ឋមន្រ្តី លើកដំបូង សម្ដេចតេជោ ដោះស្រាយបញ្ហាស្បៀង ជូនជនរួមជាតិ ៣៧ឆ្នាំក្រោយ សម្ដេច ដោះស្រាយបញ្ហាស្បៀង ជូនពលរដ្ឋមីយ៉ាន់ម៉ា

១៥ មករា ២០២២ | ព័ត៌មានជាតិ


សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនទី១ ដែលត្រូវបានរដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជាសំងាត់ជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ដោយសំឡេងគាំទ្រ១០០ភាគរយ នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ។ ថ្លែងចំពោះមុខរដ្ឋសភា នាយករដ្ឋមន្រ្តីចេញពីវណ្ណៈកូនកសិកររូបនេះ បានប្រកាសថានឹងមិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ 

 

ការប្រកាសដាច់ណាត់នេះបានក្លាយជាទ្រឹស្តីបានបន្សល់ទុករហូតបច្ចុប្បន្ន ហើយវាបានក្លាយជាការអនុវត្តជាក់ស្ដែង ជាវប្បធម៌នយោបាយដ៏ពេញនិយមមួយ ដែលគណបក្សប្រជាជនកម្ពុជា បានប្រតិបត្តិចាប់តាំងពីពេលនោះរហូតដល់បច្ចុប្បន្ន ក្រោមពាក្យស្លោកទីណាមានទុក្ខ ទីនោះមានមុខសម្ដេចតេជោ ទីណាមួយទុក្ខ គឺទុក្ខកង្វល់របស់ពលរដ្ឋ គឺមានមុខគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាដែលបច្ចុប្បន្ន បានស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ បន្តពីសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម។

 

ប្រសិនបើត្រូវបរិយាយពីស្នាដៃរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ឬសមទ្ធិផលកើតចេញពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះ ប្រហែលជាលំបាកបន្តិច ដ្បិតស្នាដៃកើតឡើងច្រើនសម្បើមពេក ប៉ុន្តែប្រសិនបើចង់និយាយដោយសង្ខេបអំពីស្នាដៃដ៏មហិមារនោះ គឺប្រៀបធៀបរវាងកម្ពុជាក្រោយរបបខ្មែរក្រហម និងកម្ពុជានាសម័យតេជោសន្តិភាពបច្ចុប្បន្ន។ 

 

ជាការកត់សំគាល់ទោះបីជាឆ្លងកាត់ពេលវេលារយៈពេល៣៧ឆ្នាំទៅហើយក្ដី ក៏បញ្ហាស្បៀងអាហារនៅតែជាកិច្ចការអាទិភាពដែលនាយករដ្ឋមន្រ្តីចាស់វស្សាតេជោ សែន ត្រូវដោះស្រាយដដែល។ ក៏ប៉ុន្តែលើកនេះ មិនមែនសម្រាប់ជនរួមជាតិដូច៣៧ឆ្នាំមុនទេ ក៏ប៉ុន្តែគឺសម្រាប់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងជួបទុក្ខសោកដោយសារវិបត្តិផ្ទៃក្នុង។ គឺជាទុក្ខសោកដែលកម្ពុជាបានហែលឆ្លងកាត់ ហើយសម្ដេចតេជោរួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានប្រកៀកស្មាគ្នាដោះស្រាយរហូតរៀបចំឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពដូចសព្វថ្ងៃនេះ។

 

 

ក្នុងឋានៈជាប្រធានអាស៊ាន និងជានាយករដ្ឋមន្រ្តីកម្ពុជាផង សម្ដេចតេជោបានអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សាជាមួយប្រមុខដឹកនាំរបបសឹក មីន អោងឡាំង។ ជាផ្លែផ្កានៃដំណើរទស្សនកិច្ចនោះ សម្ដេចតេជោ បានទទួលការសន្យាប្រកាសបទឈប់បាញ់ពីប្រមុខរបបយោធា ការសន្យាសម្រួលប្រសិតពិសេសរបស់ប្រធានអាស៊ានឱ្យបានជួបគ្រប់ភាគីជម្លោះនៅមីយ៉ាន់ម៉ា និងកិច្ចការអាទិភាពដែលសម្ដេចធ្លាប់ដោះស្រាយជូនជនរួមជាតិកាលពី៣៧ឆ្នាំមុន នោះគឺការរិះរកវិធីផ្ដល់ស្បៀងជូនពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងខ្វះខាត។

 

 

សូមបញ្ជាក់ថាសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃ៥ សីហា ឆ្នាំ ១៩៥២ (ចុះបព្ជាីជាផ្លូវការថ្ងៃ៤ មេសា ១៩៥១) នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្តេច បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេច ប៊ុន រ៉ានី  ដោយបង្កើតបានកូនប្រុស ស្រី៦នាក់ ទី១ ហ៊ុន កំសត់ ស្លាប់២,ហ៊ុន ម៉ាណែត, ទី៣ហ៊ុន ម៉ាណា, ទី៤ ហ៊ុន ម៉ានិត, ទី៥ ហ៊ុន ម៉ានី និងទី៦ ហ៊ុន ម៉ាលី។ បន្ទាប់ពីសម្ដេចតេជោកាន់តំណែងនាយករដ្ឋមន្ត្រីបានជិត៣៧ឆ្នាំ ពោលគឺនៅចុងឆ្នាំ២០២១កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានប្រកាសបេក្ខនាយករដ្ឋមន្រ្តីនាពេលអនាគតរួចហើយ គឺឯកឧត្តម ហ៊ុន ម៉ាណែត៕

 

 

 

អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025