ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា កម្មវិធីប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬការប្រឡងឌីប្លូម នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែវិច្ឆិកា សប្តាហ៍ក្រោយ។ ដោយឡែកដំណើរការកំណែលើវិញ្ញាសា និងបូកពិន្ទុ នឹងធ្វើឡើង នៅថ្ងៃទី២១វិច្ឆិកា។ ចំណែកការប្រកាសលទ្ធផលនឹងធ្វើឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្ដម ហង់ ជួនណារ៉ុន បានឱ្យដឹងថា វិញ្ញាសា ដែលបានដាក់ចេញនៅឆ្នាំនេះ ជាវិញ្ញាសាមួយ ដែលជំរុញឱ្យសិស្ស ចេះពិចារណា ដោះស្រាយបញ្ហា និងចេះវិភាគហេតុ និងផល។ បន្ថែមលើនេះ វិញ្ញាសានីមួយៗ នឹងមានសំណួរ និងលំហាត់ ដែលគ្របដណ្ដប់ដោយកម្មវិធីសិក្សា ចាប់ពីជំពូកមេរៀន នៅដើមឆ្នាំសិក្សា កណ្ដាលឆ្នាំសិក្សា និងចុងឆ្នាំសិក្សាផងដែរ។
តាមឱ្យដឹងពីឯកឧត្ដម ហង់ ជួនណារ៉ុន នៅថ្ងៃប្រឡងទី១ ដែលត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មុខវិជ្ជា ដែលត្រូវប្រឡង នៅពេលព្រឹក រួមមាន មុខវិជ្ជាតែងសេចក្ដី រយៈពេល ៩០នាទី មុខវិជ្ជាគីមីវិទ្យា (៣០នាទី) និងមុខវិជ្ជាផែនដី និងបរិស្ថាន វិទ្យា(៣០នាទី)។
ដោយឡែក នៅពេលរសៀល មុខវិជ្ជាដែលត្រូវប្រឡង រួមមាន រូបវិទ្យារយៈពេល៤៥ នាទី ភូមិវិទ្យា(៤០នាទី) និងមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា (៤៥នាទី)។ ចំណែក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលព្រឹក មុខវិជ្ជា ដែលត្រូវប្រឡង រួមមាន គណិតវិទ្យា រយៈពេល ១២០នាទី និងការសរសេរតាមអាន (៦០នាទី) ។ ចំណែកនៅពេលរសៀល រួមមាន ជីវវិទ្យា រយៈពេល ៤៥នាទី ប្រវត្តិវិទ្យា(៤០ នាទី) និងភាសាបរទេស(៤៥នាទី) ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា នៅឆ្នាំនេះ ឆ្នាំ២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ដប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់ពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែស្រង់ ឬបូកពិន្ទុ និងការប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ ចំណែកនៅសាលាឯកជន បានរៀបចំប្រឡងឌីប្លូម តាមសាលានិមួយៗ ហើយចេញលទ្ធផលរួចរាល់ហើយ ចាប់តាំងពីខែសីហាមកម្លេះ៕
អត្ថបទ៖ជុំ ជោគជាតា រូបភាព៖ឯកសារ