ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥
ស្ថានភាពទឹកជំនន់ តាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានស្រកចុះបន្តិចហើយ។ ពោលគឺកម្ពស់ទឹកស្ទឹង បានស្រកពី ០.៥ម៉ែត្រទៅ ០.៧ម៉ែត្រ។ ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេក ក្រសួងធនធានទឹក និងឧតុនិយម បានបន្តបេសកកម្មអន្តរាគមន៍ ចាក់បំពេញដីតួផ្លូវទំនប់ឲ្យរឹងមាំសារជាថ្មីឡើងវិញ នៅត្រង់ចំណុចបាក់ធ្លាយ នៅក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន។
ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបន្តិចហើយ ពោលគឺកម្ពស់ទឹកស្ទឹងបានស្រកពី ០.៥ម៉ែត្រទៅ ០.៧ម៉ែត្រ។ នេះបើតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ក៏បានអោយដឹងដែរថា ត្រង់ចំណុចបាក់ធ្លាយទំនប់នៅក្នុងភូមិកន្ទុយទឹក សង្កាត់ទៀនអាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេកក្រសួង បានបន្តបេសកកម្មអន្តរាគមន៍ រៀបចំបាវខ្សាច់ដាក់រៀបពី ខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង និងឆ្កឹះយកតួសំណង់ចាស់ចោល រួចសំអាតដោយធ្វើការចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជាថ្មីឡើងវិញ ។ ដោយឡែក ទីតាំងស្តុបបាគូចំណុចប្រសព្វរវាងផ្លូវ២១៧ និងផ្លូវ៦០ម៉ែត្រ ដែលទឹកបានចាប់ផ្តើមហូរកាត់ខ្លាំងកាលពីយប់មិញ ក៏បានថយចុះបន្តិចហើយដែរ។
ស្របពេលស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោតមានសភាពថមថយ នៅព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ជូនដល់ ប្រជាពលរដ្ឋចំនួនជាង ៥០០គ្រួសារ ក្នុងខណ្ឌដង្កោ ដែលទទួលរងគ្រោះដោយសារទឹកលិចលង់លំនៅឋានផងដែរ។
គួរបញ្ជាក់ថា ជំនន់ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្ដើមគំរាមកំហែង ភូមិសាស្រ្តតាមសណ្តរស្ទឹង ក្នុងខណ្ឌដង្កោតាំងពីថ្ងៃទី២៥ ខែតុលា បង្កអោយមានទឹកហៀរចេញភូមិសាស្ត្រទំនាប និងបិទរូងនាគមួយចំនួន។ ភា្លមៗអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំង និងគ្រឿងចក្រលើកទំនប់ទាំងចាស់ទាំងថ្មីតាមភូមិសាស្ត្រទំនាប និងបិទរូងនាគមួយចំនួនដែលលិចធ្លាយនៅតាមទំនប់ស្របតាមសណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារទំនប់កុំអោយបាក់ធ្លាយជន់លិចបង្កភាពជន់លិចធ្ងន់ធ្ងរ។
ដោយឡែក កម្លាំងកងទ័ព អូប័រ រថយន្តដឹកជញ្ជូន និងរថយន្តពេទ្យ ក៏បានបញ្ជូននៅកាន់តំបន់ប្រឈមនានា ក្នុងខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា